អ៊ីរ៉ង់ ចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា កំពុងព្យាយាមកសាងសណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើកម្លាំងយោធា
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyed Abbas Araghchi កាលពីថ្ងៃអាទិត្យបានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនរបស់ខ្លួនថា កំពុងព្យាយាមកសាងសណ្តាប់ធ្នាប់អន្តរជាតិ «ផ្អែកលើកម្លាំងយោធា» នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ថ្លែងនៅក្នុងសន្និសីទអន្តរជាតិមួយដែលមានចំណងជើងថា «ច្បាប់អន្តរជាតិស្ថិតនៅក្រោមការវាយប្រហារ៖ ការឈ្លានពាន និងការការពារ» នៅទីក្រុងតេអេរ៉ង់ លោកបានលើកឡើងថា បរិយាកាសពិភពលោកបច្ចុប្បន្នឆ្លុះបញ្ចាំងពីគោលនយោបាយ «ប្រឆាំងច្បាប់អន្តរជាតិ» ដែលទីក្រុងវ៉ាស៊ីនតោន និងដៃគូរបស់ខ្លួនបានជំរុញឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជាចលនាមួយដែលគាំទ្រដល់សណ្តាប់ធ្នាប់ ដែលផ្តោតលើលោកខាងលិច ដែលត្រូវបានលើកកម្ពស់ថាជាសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។
លោកបានបន្ថែមថា សង្គ្រាម និងអំពើហិង្សាបានក្លាយជារឿងធម្មតានៅក្នុងកិច្ចការអន្តរជាតិ ហើយរដ្ឋាភិបាលមួយចំនួនឥឡូវនេះពឹងផ្អែកលើកម្លាំងយោធាជាឧបករណ៍ធម្មតានៃគោលនយោបាយការបរទេស។ រដ្ឋមន្ត្រីរូបនេះបានបន្ដថា ការប្រើប្រាស់កម្លាំង «ដោយមិនប្រុងប្រយ័ត្ន» របស់សហរដ្ឋអាមេរិក និងការរិចរិលជាបន្តបន្ទាប់នៃមូលដ្ឋានគ្រឹះច្បាប់អន្តរជាតិ គឺស្មើនឹង «ច្បាប់ព្រៃ» ដោយបន្ថែមថា វិធីសាស្រ្តបែបនេះមិនអាចទ្រាំទ្របានឡើយ៕
ប្រែសម្រួល ឈូក បូរ៉ា
