ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ប្រកាសផែនការទិញយន្តហោះចម្បាំង Rafale របស់បារាំងរហូតដល់ ១០០ គ្រឿង

បរទេស៖ មេដឹកនាំនៃប្រទេសទាំងពីរបារាំងអ៊ុយក្រែនបានប្រកាសថា អ៊ុយក្រែនគ្រោងនឹងទិញយន្តហោះចម្បាំង Rafale ផលិតពីបារាំងរហូតដល់ ១០០ គ្រឿង ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ រួមជាមួយនឹងអាវុធផ្សេងទៀត រួមទាំងប្រព័ន្ធការពារដែនអាកាសផងដែរ។ ទីក្រុងម៉ូស្គូវិញ បានថ្កោលទោសកិច្ចព្រមព្រៀងដ៏មានសក្តានុពលនេះ ដោយនិយាយថា វានឹងបង្កើតលក្ខខណ្ឌសម្រាប់អំពើពុករលួយ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងមេដឹកនាំអ៊ុយក្រែនលោក Vladimir Zelensky បានចុះហត្ថលេខាលើលិខិតលើការទិញនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយទៅកាន់ទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ។

ថ្លែងទៅកាន់ទូរទស្សន៍ LCI លោក Macron បាននិយាយថា ផែនការសម្រាប់ការចែកចាយយន្តហោះនេះគឺ “ត្រូវការសម្រាប់ការបង្កើតឡើងវិញនៃយោធាអ៊ុយក្រែន” ។ ទន្ទឹមនឹងនេះ លោក Zelensky បានលើកឡើងពីផែនការនេះថា ជា “កិច្ចព្រមព្រៀងយុទ្ធសាស្ត្រ” និង “កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ” ។

លិខិតនេះមិនមែនជាកិច្ចសន្យាចុងក្រោយទេ ប៉ុន្តែជាការប្តេជ្ញាចិត្តដំបូង ហើយលោក Macron មិនបានផ្តល់ពេលវេលាដឹកជញ្ជូន ឬផ្តល់ព័ត៌មានលម្អិតអំពីយន្តការផ្តល់ហិរញ្ញប្បទាននោះទេ ដោយគ្រាន់តែនិយាយថា លោកសង្ឃឹមថា អឺរ៉ុប នឹងជួយទិញយន្តហោះទាំងនោះ។

ការបញ្ជាទិញនេះកើតឡើងដូចក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីនៅទីក្រុងប្រ៊ុចសែលបានពិភាក្សាគ្នាអំពីផែនការប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដើម្បីបង្កើតប្រាក់កម្ចីចំនួន ១៤០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន ចំណែកទីក្រុងម៉ូស្គូបានថ្កោលទោសការបង្កកទ្រព្យសម្បត្តិនេះថាជា “ចោរកម្ម” ៕

ប្រែប្រួលៈ ណៃ តុលា 

To Top