ចិន ជំរុញឱ្យអាមេរិក ធ្វើសកម្មភាពដើម្បីសន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ម៉ៅ នីង បានឧ្យដឹងថា ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកជ្រើសរើសផ្លូវសកម្មភាពដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពនៅអាមេរិកឡាទីន និងតំបន់ការីប៊ីន។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Pete Hegseth បានបង្ហាញប្រតិបត្តិការ Southern Spear ដែលមានគោលបំណងលុបបំបាត់ “ភេរវករគ្រឿងញៀន” ចេញពីអឌ្ឍគោលខាងលិច។
ក្រសួងការបរទេសសហរដ្ឋអាមេរិកនៅសប្តាហ៍នេះបានប្រកាសថា Cartel de los Soles “ដឹកនាំដោយលោក នីកូឡា ម៉ាឌូរ៉ូ” ជាអង្គការភេរវករបរទេស ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិកក៏បាននិយាយផងដែរថា ខ្លួននឹងមិនច្រានចោលការបញ្ជូនកងទ័ពអាមេរិកចូលទៅក្នុងប្រទេសវេណេស៊ុយអេឡាឡើយ។
ជាការឆ្លើយតប លោកស្រី ម៉ៅ បានប្រាប់សន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសចិនគាំទ្រយ៉ាងមុតមាំចំពោះការប្រកាសអាមេរិកឡាទីន និងតំបន់ការីប៊ីនជាតំបន់សន្តិភាពដែលចេញផ្សាយដោយសហគមន៍រដ្ឋអាមេរិកឡាទីន និងតំបន់ការីប៊ីនក្នុងឆ្នាំ ២០១៤។
លោកស្រីបានកត់សម្គាល់ថា ប្រទេសចិនប្រឆាំងនឹងចលនាណាមួយ ដែលរំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាព និងសន្តិសុខរបស់ប្រទេសដទៃទៀត និងការជ្រៀតជ្រែករបស់កម្លាំងខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសវេណេស៊ុយអេឡាក្រោមលេសណាមួយ៕
ប្រែសម្រួល ឈូក បូរ៉ា
