ព័ត៌មានអន្តរជាតិ

លោក ដូណាល់​ ត្រាំ​ កំណត់ថ្ងៃផុតកំណត់សម្រាប់ការទទួលយកផែនការសន្តិភាពអ៊ុយក្រែន​ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដណាល់​ ត្រាំ​ នៅថ្ងៃសុក្របានកំណត់ថ្ងៃទី២៧​ ខែវិច្ឆិកា ជាថ្ងៃផុតកំណត់​ សម្រាប់ការទទួលយកផែនការសន្តិភាពចំនួន ២៨ចំណុចដែលស្នើឡើងដោយរដ្ឋបាលរបស់លោក ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។

លោក ត្រាំ បានប្រាប់វិទ្យុ Fox News ថា “ខ្ញុំមានថ្ងៃផុតកំណត់ជាច្រើន ប៉ុន្តែប្រសិនបើអ្វីៗដំណើរការល្អ អ្នកមានទំនោរពន្យារពេល​ ប៉ុន្តែថ្ងៃព្រហស្បតិ៍គឺជាពេលវេលាសមស្រប”។

លោកបានលេីកឡេីងថា អ៊ុយក្រែន​ កំពុងបាត់បង់ដីធ្លី ហើយ “នឹងបាត់បង់ក្នុងរយៈពេលខ្លី”​ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ​ ហ្សេឡិនស្គី បានឧ្យដឹងកាលពីថ្ងៃសុក្រនៅលើបណ្ដាញសង្គម​ X បន្ទាប់ពីការហៅទូរស័ព្ទជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance ថា ភាគីអ៊ុយក្រែន “បានយល់ព្រមធ្វើការរួមគ្នាជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប​ ក្នុងកម្រិតទីប្រឹក្សាសន្តិសុខជាតិ ដើម្បីធ្វើឱ្យផ្លូវឆ្ពោះទៅរកសន្តិភាពអាចធ្វើទៅបាន”។

នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិ លោក ហ្សេឡនស្គី បានឧ្យដឹងថា “ឥឡូវនេះ អ៊ុយក្រែន​ អាចប្រឈមមុខនឹងជម្រើសដ៏លំបាកមួយ៖ ទាំងការបាត់បង់សេចក្តីថ្លៃថ្នូរ ឬហានិភ័យនៃការបាត់បង់ដៃគូសំខាន់។ ទាំង ២៨ ចំណុចដ៏លំបាក ឬរដូវរងាដ៏លំបាកបំផុត”៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top