លោក Trump ថា លោកនឹងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ហើយអាមេរិក នឹងធ្វើជាម្ចាស់ផ្ទះទទួលលោក Xi សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចុងឆ្នាំក្រោយ
បរទេស៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទថា លោកបានទទួលយកការអញ្ជើញរបស់មេដឹកនាំចិន Xi Jinping ដើម្បីទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ហើយថាលោកបានតបការអញ្ជើញលោក Xi វិញ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសហរដ្ឋអាមេរិកនៅឆ្នាំក្រោយ។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Trump បានធ្វើសេចក្តីប្រកាសបន្ទាប់ពីលោកបាននិយាយជាមួយលោក Xi តាមទូរស័ព្ទជិតមួយខែបន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នាដោយផ្ទាល់នៅក្នុងប្រទេសកូរ៉េខាងត្បូងដោយនិយាយថា ពួកគេបានពិភាក្សាអំពីបញ្ហារួមទាំងអ៊ុយក្រែន ថ្នាំ fentanyl និងការទិញសណ្តែកសៀងអាមេរិក។
លោក Trump បានសរសេរនៅក្នុងសារបង្ហោះបណ្តាញសង្គម Truth Social ថា ទំនាក់ទំនងរបស់យើងជាមួយចិនគឺខ្លាំង! ។
ទីក្រុងប៉េកាំងដែលបានប្រកាសការហៅទូរសព្ទជាលើកដំបូងមិនបាននិយាយអ្វីអំពីដំណើរទស្សនកិច្ចផ្លូវរដ្ឋនោះទេ ប៉ុន្តែបានកត់សម្គាល់ថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីពាណិជ្ជកម្មតៃវ៉ាន់ និងអ៊ុយក្រែន។ លោក Xi បានប្រាប់លោក Trump ថា ការវិលត្រឡប់របស់កោះតៃវ៉ាន់ទៅកាន់ប្រទេសចិនដីគោកគឺជា “ផ្នែកសំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម” ដែលជាបញ្ហាសំខាន់ចំពោះទីក្រុងប៉េកាំងដែល Trump មិនបានលើកឡើងនៅក្នុងមុខតំណែងរបស់គាត់៕
ប្រែប្រួលៈ ណៃ តុលា
