លោក ស៊ី ជីនពីង៖ ចិន និងអាមេរិក គួរតែរក្សាសន្ទុះនៃទំនាក់ទំនង ឆ្ពោះទៅមុខក្នុងទិសដៅត្រឹមត្រូវ
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថា ចិន និងសហរដ្ឋអាមេរិក គួរតែរក្សាសន្ទុះនៃទំនាក់ទំនង និងបន្តឆ្ពោះទៅមុខក្នុងទិសដៅត្រឹមត្រូវ ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។ លោក បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងនិយាយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមទូរស័ព្ទ។
លោក ស៊ី ជីនពីង បានកត់សម្គាល់ថា លោក និងលោក ត្រាំ មានកិច្ចប្រជុំដ៏ជោគជ័យមួយនៅទីក្រុងប៊ូសានកាលពីខែមុន ហើយបានឈានដល់ការយោគយល់គ្នាសំខាន់ៗជាច្រើន។ លោកបានលើកឡើងថា ពួកគេបានកែសម្រួលឡើងវិញនូវដំណើរនៃទំនាក់ទំនងដ៏ធំរវាងចិន និងសហរដ្ឋអាមេរិក និងបានផ្តល់សន្ទុះបន្ថែមទៀត សម្រាប់វាឱ្យបន្តទៅមុខដោយស្ថិរភាព ដោយហេតុនេះបានផ្ញើសារវិជ្ជមានទៅកាន់ពិភពលោក។
មេដឹកនាំកំពូលចិនរូបនេះបានលើកឡើងថា ចាប់តាំងពីពេលនោះមក ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ជាទូទៅបានរក្សាគន្លងដ៏ស្ថិរភាព និងវិជ្ជមាន ហើយនេះត្រូវបានស្វាគមន៍ដោយប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិទូលំទូលាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្វីដែលបានកើតឡើងបង្ហាញម្តងទៀតថា ការពិពណ៌នាអំពីចិន-សហរដ្ឋអាមេរិក… លោក ស៊ី ជីនពីង បានលើកឡើងថា កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងការប្រឈមមុខដាក់គ្នាដែលធ្វើឲ្យភាគីទាំងពីរឈឺចាប់ ឆ្លុះបញ្ចាំងពីសុភវិនិច្ឆ័យទូទៅមួយ ដែលត្រូវបានបង្ហាញម្តងហើយម្តងទៀតដោយបទពិសោធន៍ ហើយចក្ខុវិស័យរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជួយគ្នាទៅវិញទៅមកឲ្យទទួលបានជោគជ័យ និងរីកចម្រើនជាមួយគ្នា គឺជាទស្សនវិស័យជាក់ស្តែងមួយដែលអាចសម្រេចបាន។
លោកបានបន្ដថា ភាគីទាំងពីរគួរតែពង្រីកបញ្ជីកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយបញ្ជីបញ្ហា ដើម្បីធ្វើឲ្យមានវឌ្ឍនភាពវិជ្ជមានបន្ថែមទៀត បង្កើតកន្លែងថ្មីសម្រាប់កិច្ចសហប្រតិបត្តិការចិន-សហរដ្ឋអាមេរិក និងនាំមកនូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ និងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
