រដ្ឋាភិបាលជប៉ុន ៖ ចំណងមិត្តភាព អាមេរិក-ចិន ដែលមានស្ថិរភាព មានសារៈសំខាន់ណាស់ សម្រាប់ពិភពលោក
តូក្យូ – ទំនាក់ទំនងអាមេរិក-ចិន ដែលមានស្ថិរភាព «មានសារៈសំខាន់ខ្លាំងណាស់» សម្រាប់ប្រទេសជប៉ុន និងសហគមន៍អន្តរជាតិ នេះបើយោងតាមអ្នកនាំពាក្យ រដ្ឋាភិបាលជាន់ខ្ពស់ជប៉ុន បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង។
លោក Minoru Kihara លេខាធិការគណៈរដ្ឋមន្ត្រីក៏បានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ប្រទេសជប៉ុន ដោយផ្អែកលើទំនាក់ទំនងនៃការជឿទុកចិត្ត របស់ខ្លួនជាមួយសម្ព័ន្ធមិត្ត របស់ខ្លួនគឺសហរដ្ឋអាមេរិក នឹងបន្តជំរុញឱ្យប្រទេសចិន «បំពេញកាតព្វកិច្ចសមស្រប ទៅនឹងតួនាទីរបស់ខ្លួន»។
ជាមួយគ្នានេះដែរ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថា ចិន និងសហរដ្ឋអាមេរិក គួរតែរក្សាសន្ទុះនៃទំនាក់ទំនង និងបន្តឆ្ពោះទៅមុខក្នុងទិសដៅត្រឹមត្រូវ ដោយផ្អែកលើសមភាព ការគោរព និងផលប្រយោជន៍ទៅវិញទៅមក។ លោក បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងនិយាយជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមទូរស័ព្ទ។
លោក ស៊ី ជីនពីង បានកត់សម្គាល់ថា លោក និងលោក ត្រាំ មានកិច្ចប្រជុំដ៏ជោគជ័យមួយនៅទីក្រុងប៊ូសានកាលពីខែមុន ហើយបានឈានដល់ការយោគយល់គ្នា សំខាន់ៗជាច្រើន ។ លោកបានលើកឡើងថា ពួកគេបានកែសម្រួលឡើងវិញ នូវដំណើរនៃទំនាក់ទំនង ដ៏ធំរវាងចិន និងសហរដ្ឋអាមេរិក និងបានផ្តល់សន្ទុះបន្ថែមទៀត សម្រាប់វាឱ្យបន្តទៅមុខ ដោយស្ថិរភាព ដោយហេតុនេះបានផ្ញើ សារវិជ្ជមានទៅកាន់ពិភពលោក។
មេដឹកនាំកំពូលចិនរូបនេះ បានលើកឡើងថា ចាប់តាំងពីពេលនោះមក ទំនាក់ទំនងចិន-សហរដ្ឋអាមេរិក ជាទូទៅបានរក្សាគន្លង ដ៏ស្ថិរភាព និងវិជ្ជមាន ហើយនេះត្រូវបានស្វាគមន៍ដោយប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិ ទូលំទូលាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្វីដែលបានកើតឡើងបង្ហាញម្តងទៀតថា ការពិពណ៌នាអំពីចិន-សហរដ្ឋអាមេរិក… លោក ស៊ី ជីនពីង បានលើកឡើងថា កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ និងការប្រឈមមុខដាក់គ្នាដែលធ្វើឲ្យភាគីទាំងពីរឈឺចាប់ ឆ្លុះបញ្ចាំងពីសុភវិនិច្ឆ័យទូទៅមួយ ដែលត្រូវបានបង្ហាញ ម្តងហើយម្តងទៀតដោយបទពិសោធន៍ ហើយចក្ខុវិស័យ របស់ប្រទេសចិន និងសហរដ្ឋអាមេរិក ដែលជួយគ្នាទៅវិញ ទៅមកឲ្យទទួលបានជោគជ័យ និងរីកចម្រើនជាមួយគ្នា គឺជាទស្សនវិស័យជាក់ស្តែងមួយ ដែលអាចសម្រេចបាន។
លោកបានបន្ដថា ភាគីទាំងពីរ គួរតែពង្រីកបញ្ជីកិច្ចសហប្រតិបត្តិការ និងកាត់បន្ថយបញ្ជីបញ្ហា ដើម្បីធ្វើឲ្យមានវឌ្ឍនភាព វិជ្ជមានបន្ថែមទៀត បង្កើតកន្លែងថ្មី សម្រាប់កិច្ចសហប្រតិបត្តិការចិន-សហរដ្ឋអាមេរិក និងនាំមកនូវអត្ថប្រយោជន៍ កាន់តែច្រើនដល់ប្រជាជន នៃប្រទេសទាំងពីរ និងពិភពលោក៕
ប្រែសម្រួល ឈូក បូរ៉ា
