ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន យល់ព្រមលើកិច្ច ព្រមព្រៀងសន្តិភាព ដោយចំណុចតូចៗ មួយចំនួន នឹងត្រូវដោះស្រាយ

វ៉ាស៊ីនតោន ៖ មន្ត្រីអាមេរិកម្នាក់ បានឲ្យដឹងថា អ៊ុយក្រែន បានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព ដោយមានតែចំណុចតូចៗមួយចំនួនទៀត មិនទាន់ត្រូវបានដោះស្រាយ ។ មន្ត្រីរូបនេះ ត្រូវបានដកស្រង់សម្តីថា «ប្រជាជនអ៊ុយក្រែន បានយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាព បើទោះជាមានព័ត៌មានលម្អិត តូចតាចមួយចំនួន ដែលមិនទាន់ត្រូវបានដោះស្រាយក្ដី»។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា លោកត្រូវការការងារបន្ថែមទៀត។ លោកបានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារថា «បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ យើងឃើញទស្សនវិស័យជាច្រើន ដែលអាចធ្វើឱ្យផ្លូវឆ្ពោះ ទៅរកសន្តិភាពក្លាយជាការពិត ។ មានលទ្ធផលរឹងមាំ ហើយមានការងារជាច្រើននៅខាងមុខ»។

យោងតាមសេចក្តីថ្លែងការណ៍មួយពីកងទ័ពសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ និងថ្ងៃអង្គារ លោក Dan Driscoll រដ្ឋមន្ត្រីក្រសួងកិច្ចការសង្គ្រាមសហរដ្ឋអាមេរិក បានជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ីនៅទីក្រុង Abu Dhabi លើកិច្ចព្រមព្រៀងនេះ។ «នៅថ្ងៃច័ន្ទ និងពេញមួយថ្ងៃអង្គារអ្នកនាំពាក្យកងទ័ពអាមេរិក លោកវរសេនីយ៍ឯក Jeff Tolbert បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «នៅយប់ថ្ងៃច័ន្ទ និងពេញមួយថ្ងៃអង្គារ លោករដ្ឋមន្ត្រី Driscoll និងក្រុមការងារបានពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ី ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង នៅក្នុងប្រទេសអ៊ុយក្រែន»។

លោក Rustem Umerov លេខាធិការក្រុមប្រឹក្សា សន្តិសុខជាតិ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា លោក ហ្សេឡិនស្គី កំពុងមានគម្រោង ទៅបំពេញទស្សនកិច្ចទី ក្រុងវ៉ាស៊ីនតោន ដើម្បី «បញ្ចប់ជំហានចុងក្រោយ និងធ្វើកិច្ចព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ លោក Umerov បានសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា អ៊ុយក្រែន «បានឈានដល់ការយោគយល់គ្នាលើលក្ខខណ្ឌស្នូលនៃកិច្ចព្រមព្រៀង ដែលបានពិភាក្សានៅទីក្រុងហ្សឺណែវ» ។

លោកបានលើកឡើងថា «ឥឡូវនេះ យើងពឹងផ្អែកលើការគាំទ្រពីដៃគូអឺរ៉ុបរបស់យើង នៅក្នុងជំហានបន្ថែមទៀតរបស់យើង»។ សេចក្តីព្រាងច្បាប់ចំនួន ២៨ ចំណុច ដែលមានគោលបំណង បញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ត្រូវបានកាត់បន្ថយមកត្រឹមក្របខ័ណ្ឌចំនួន ១៩ ចំណុច ដែលត្រូវបានរៀបចំឡើង ដោយសហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីចុងសប្តាហ៍នៅទីក្រុងហ្សឺណែវ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top