អេហ្ស៊ីប កាតា និងតួកគី ជួបពិភាក្សាគ្នា អំពីការអនុវត្តបទឈប់បាញ់ នៅតំបន់ហ្គាហ្សា
គែរ៖ មន្ត្រីជាន់ខ្ពស់មកពីអេហ្ស៊ីប កាតា និងតួកគី បានជួបប្រជុំគ្នាកាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីវិធី ដើម្បីពង្រឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងដោះស្រាយឧបសគ្គចំពោះការអនុវត្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ព័ត៌មាន Al Qahera របស់អេហ្ស៊ីប។
កិច្ចប្រជុំនេះ ដែលមានការចូលរួមពីប្រធានចារកម្មអេហ្ស៊ីប លោក Hassan Rashad នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកាតា លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani និងនាយកអង្គការចារកម្មជាតិតួកគី លោក Ibrahim Kalin បានផ្តោតលើការធានាភាពជោគជ័យនៃដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់។
មន្ត្រីទាំងនោះបានយល់ព្រមបង្កើនការសម្របសម្រួលជាមួយមជ្ឈមណ្ឌលសម្របសម្រួលស៊ីវិល-យោធារបស់អ៊ីស្រាអែល ដែលត្រួតពិនិត្យបទឈប់បាញ់ និងបានពិភាក្សាអំពីវិធី ដើម្បីទប់ស្កាត់ការរំលោភបំពាន និងពង្រឹងបទឈប់បាញ់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Qahera ។
កិច្ចប្រជុំត្រីភាគីនេះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាថ្ងៃអាទិត្យរបស់លោក Rashad ជាមួយគណៈប្រតិភូហាម៉ាសនៅទីក្រុងគែរ ដែលបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណាក់កាលទីមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ ប៉ុន្តែបានអំពាវនាវឱ្យមានយន្តការត្រួតពិនិត្យដោយអ្នកសម្របសម្រួល ដើម្បីត្រួតពិនិត្យ និងបញ្ឈប់ “ការរំលោភបំពាន” របស់អ៊ីស្រាអែល។
បទឈប់បាញ់ដែលបានធ្វើឡើងរវាងអ៊ីស្រាអែល និងហាម៉ាស ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងតួកគី ហើយបានចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា បានកាត់បន្ថយការវាយប្រហាររបស់អ៊ីស្រាអែលយ៉ាងខ្លាំង ប៉ុន្តែមិនបានបញ្ឈប់ពួកគេទាំងស្រុងនោះទេ។
អាជ្ញាធរសុខាភិបាលហ្គាហ្សាបានឲ្យដឹងកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៣៤៥ នាក់ត្រូវបានសម្លាប់ និង ៨៨៩ នាក់ផ្សេងទៀតរងរបួសដោយសារការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ១១ ខែតុលា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ដល់ ៦៩,៧៧៥ នាក់ ដោយមាន ១៧០,៩៦៥ នាក់ផ្សេងទៀតរងរបួស៕
ប្រែសម្រួល ឈូក បូរ៉ា
