បារាំង និងចក្រភពអង់គ្លេស រួមគ្នាធានាសន្តិសុខ អ៊ុយក្រែន ដោយមានការចូលរួមពីអាមេរិក
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានឲ្យដឹងថា បារាំង និងអង់គ្លេស នឹងបើកសិក្ខាសាលាមួយ ដើម្បីសម្របសម្រួលការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដោយមានការចូលរួមពីសហរដ្ឋអាមេរិក។
លោកបានធ្វើការកត់សម្គាល់នេះ បន្ទាប់ពីកិច្ចប្រជុំតាមវីដេអូ នៃប្រទេសប្រហែល ៣០ នៅក្នុង “សម្ព័ន្ធភាពនៃឆន្ទៈ” ដែលចូលរួមដោយប្រធានាធិបតី អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio។
លោក ម៉ាក្រុង បានឲ្យដឹងថា ថ្ងៃខាងមុខនឹងត្រូវបានប្រើដើម្បីកំណត់ការចូលរួមចំណែក របស់ភាគីនានា ដែលត្រៀមខ្លួនផ្តល់ការធានា នៅពេលដែលបទឈប់បាញ់ត្រូវបានសម្រេច ។
ប្រធានាធិបតីបារាំងរូបនេះបានលើកឡើងថា បារាំង និងសមាជិកសហភាពអឺរ៉ុបផ្សេងទៀត ក៏កំពុងធ្វើការលើផែនការមួយ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់អ៊ុយក្រែនផងដែរ។
កាលពីថ្ងៃអង្គារ លោក ម៉ាក្រុង បានប្រាប់ការផ្សាយ RTL ថា បារាំង អាចពិចារណាបញ្ជូនកងទ័ពទៅកាន់អ៊ុយក្រែន ជាផ្នែកមួយនៃ “កងកម្លាំងធានា” រួមជាមួយអង្គភាពអង់គ្លេស និងតួកគី បន្ទាប់ពីបទឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា “ការធានាសន្តិសុខដំបូង” សម្រាប់អ៊ុយក្រែន នៅតែជាកងទ័ពអ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
