ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជូនបេសកជនទៅកាន់ទីក្រុងមូស្គូ ដោយសង្ឃឹមថា នឹងបញ្ចប់ផែនការសន្តិភាពអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកបានបញ្ជូនបេសកជនពិសេសរបស់លោក Steve Witkoff ឲ្យជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន នៅទីក្រុងមូស្គូ ដោយសង្ឃឹមថា នឹងបញ្ចប់កិច្ចព្រមព្រៀង សន្តិភាពលើវិបត្តិអ៊ុយក្រែន។

លោក ដូណាល់ ត្រាំ បានសរសេរនៅក្នុង សារមួយ នៅលើបណ្ដាញ Truth Social ឲ្យដឹងថា “ដោយសង្ឃឹមថា នឹងបញ្ចប់ផែនការសន្តិភាពនេះ ខ្ញុំបានបញ្ជូន បេសកជនពិសេសរបស់ខ្ញុំ លោក Steve Witkoff ឲ្យជួបជាមួយប្រធានាធិបតី លោក ពូទីន នៅទីក្រុងមូស្គូ ហើយក្នុងពេលជាមួយគ្នានេះ រដ្ឋមន្ត្រីកងទ័ពអាមេរិក លោក Dan Driscoll នឹងជួបជាមួយអ៊ុយក្រែន”។

លោក ដូណាល់ ត្រាំ បានឲ្យដឹងថា “ផែនការសន្តិភាព ២៨ ចំណុចដើម ដែលត្រូវបានរៀបចំឡើងដោយសហរដ្ឋអាមេរិក ត្រូវបានកែសម្រួលយ៉ាងល្អិតល្អន់ ដោយមានការ ចូលរួមបន្ថែមពីភាគីទាំងពីរ ហើយមានតែចំណុចមួយចំនួន តូចប៉ុណ្ណោះដែលនៅសេសសល់ពីការមិនចុះសម្រុងគ្នា” ដោយបន្ថែមថា ក្រុមរបស់លោកសម្រេចបាន “វឌ្ឍនភាពដ៏អស្ចារ្យ” ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។

លោក ដូណាល់ ត្រាំ បានបន្ដថា លោកទន្ទឹងរង់ចាំជួបជាមួយលោក Putin និងប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ក្នុងពេលឆាប់ៗ នេះ ប៉ុន្តែលុះត្រាតែកិច្ចព្រមព្រៀង សន្តិភាពត្រូវបានបញ្ចប់ ឬស្ថិតក្នុងដំណាក់ កាលចុងក្រោយរបស់វា ។ ផែនការសន្តិភាពចំនួន ២៨ ចំណុចដែលស្នើឡើង ដោយសហរដ្ឋអាមេរិកត្រូវ បានបង្ហាញកាលពីសប្តាហ៍មុន។

បន្ទាប់ពីការចេញផ្សាយរបស់ខ្លួន តំណាង មកពីសហរដ្ឋអាមេរិក អ៊ុយក្រែន និងប្រទេសអឺរ៉ុបមួយចំនួន បានជួបប្រជុំគ្នា នៅទីក្រុងហ្សឺណែវកាលពីថ្ងៃអាទិត្យ ដើម្បីពិភាក្សាអំពីផែនការនេះ។ គួរបញ្ជាក់ថា នៅថ្ងៃចន្ទ និងថ្ងៃអង្គារ រដ្ឋមន្ត្រីកងទ័ពសហរដ្ឋអាមេរិក លោក Daniel Driscoll បានជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ី នៅទីក្រុងអាប៊ូដាប៊ី ស្តីពីសេចក្តីព្រាងនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ពីកងទ័ពសហរដ្ឋអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា

To Top