វិមានក្រឹមឡាំង៖ វាឆាប់ពេកក្នុងការសន្និដ្ឋានអំពីជម្លោះអ៊ុយក្រែនថា ជិតដល់ទីបញ្ចប់
មូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា វាលឿនពេកក្នុងការសន្មតថាជម្លោះអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។ លោក Peskov បានឆ្លើយតបទៅនឹងការលើកឡើងថា “វាលឿនពេកក្នុងការនិយាយបែបនោះ” ដោយឆ្លើយតបទៅនឹងការលើកឡើងថា ភាគីទាំងពីរមិនដែលខិតជិតដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ។
លោកក៏បានជំរុញកុំឱ្យបកស្រាយច្រើនពេកអំពីការសន្ទនាតាមទូរស័ព្ទរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលលោកបានលើកឡើងថា ហាក់ដូចជាមានគោលបំណងរំខានដល់កិច្ចខិតខំប្រឹងប្រែងការទូត ដែលកំពុងបន្ត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កាលពីថ្ងៃពុធគេហទំព័រ Bloomberg បានចេញផ្សាយឯកសារចម្លងពីរនៃការហៅទូរស័ព្ទរវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ី ដែលបង្ហាញថារដ្ឋបាលលោក ត្រាំ បានធ្វើកិច្ចចរចាសម្ងាត់ជាមួយវិមានក្រឹមឡាំង លើផែនការសន្តិភាពអ៊ុយក្រែនចំនួន ២៨ ចំណុច ដោយមិនបានបង្ហាញប្រភពនៃឯកសារនោះទេ។
វិមានក្រឹមឡាំងបានច្រានចោលឯកសារចម្លងរបស់ Bloomberg ថាជា “ឯកសារក្លែងក្លាយ” ដោយហៅការលេចធ្លាយនេះថា ជាការប៉ុនប៉ងជ្រៀតជ្រែកក្នុងការចរចាសន្តិភាព។ នៅថ្ងៃដដែលនោះ ខ្លួនបានបញ្ជាក់ថា គណៈប្រតិភូសហរដ្ឋអាមេរិក រួមទាំងបេសកជនពិសេសរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គឺលោក Steve Witkoff និងមន្ត្រីជាន់ខ្ពស់ដទៃទៀត នឹងធ្វើទស្សនកិច្ចទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីផែនការសន្តិភាព ដែលអាចធ្វើទៅបានសម្រាប់អ៊ុយក្រែន៕
ប្រែសម្រួល ឈូក បូរ៉ា
