ព័ត៌មានអន្តរជាតិ

បេឡារុស្ស ស្នើធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពអ៊ុយក្រែន

មីនស្ក៍៖ ប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌឺ លូកាសេនកូ បានស្នើធ្វើម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពលើអ៊ុយក្រែននៅទីនេះ ក្នុងអំឡុងពេលជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BELTA ដែលគ្រប់គ្រងដោយរដ្ឋ។

លោក លូកាសេនកូ បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់បេឡារុសក្នុងការសម្របសម្រួលការចរចាឡើងវិញ ដោយថា ទីក្រុងមីនស្ក៍នៅតែអាចបម្រើជាទីកន្លែងសម្រាប់កិច្ចចរចា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកក៏បានឆ្លើយតបទៅនឹងការរិះគន់ចំពោះជំហររបស់បេឡារុស្ស ដោយសង្កត់ធ្ងន់ថា ប្រទេសនេះរក្សាបណ្តាញសន្ទនាជាមួយប្រទេសលោកខាងលិច និងសហរដ្ឋអាមេរិក។

ជាថ្នូរវិញ លោក ពូទីន បានទទួលស្គាល់តួនាទីរបស់បេឡារុស្ស និងការចូលរួមចំណែកផ្ទាល់ខ្លួនរបស់លោក លូកាសេនកូ ចំពោះកិច្ចខិតខំប្រឹងប្រែង ដែលមានគោលបំណងដោះស្រាយជម្លោះ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top