សេតវិមានអាមេរិកត្រូវបិទខ្ទប់ ក្រោយពីទាហានឆ្មាំជាតិពីរនាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារបណ្តាលឲ្យរងរបួស
បរទេស÷ ទាហានឆ្មាំជាតិពីរនាក់ត្រូវបានបាញ់ប្រហារនៅថ្ងៃពុធនៅជិតសេតវិមាន ដែលមន្ត្រីបានពិពណ៌នាថា ជាការវាយឆ្មក់គោលដៅ ហើយជនសង្ស័យត្រូវបានឃុំខ្លួនបន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើងក្នុងអំឡុងពេលបាញ់ប្រហារនោះ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា យោងតាមមន្ត្រីក្រសួងយុត្តិធម៌ម្នាក់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមអ្នកស៊ើបអង្កេតបានកំណត់អត្តសញ្ញាណជនសង្ស័យថាជា Rahmanullah Lakanwal អាយុ ២៩ ឆ្នាំជាជនជាតិអាហ្វហ្គានីស្ថានមកពីរដ្ឋវ៉ាស៊ីនតោន។ មន្ត្រីរូបនេះបាននិយាយថា ការវាយប្រហារនេះកំពុងត្រូវបានស៊ើបអង្កេតថាជាអំពើភេរវកម្ម។
មន្ត្រីរូបនេះបាននិយាយថា Lakanwal បានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២១ ក្រោមកម្មវិធីទិដ្ឋាការពិសេសសម្រាប់ជនជាតិអាហ្វហ្គានីស្ថានដែលបានជួយសហរដ្ឋអាមេរិកក្នុងអំឡុងសង្គ្រាមអាហ្វហ្គានីស្ថាន ហើយងាយរងគ្រោះដោយការសងសឹកពីតាលីបង់ដែលកំពុងកាន់អំណាចបន្ទាប់ពីការដកទ័ពរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ Lakanwal បានស្នាក់នៅហួសទិដ្ឋាការរបស់គាត់ ហើយស្ថិតនៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ ។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានស្ថិតនៅរដ្ឋផ្លរីដានៅពេលមានការវាយប្រហារ ដែលបានជំរុញឱ្យសេតវិមានត្រូវបិទខ្ទប់ ខណៈដែលការអនុវត្តច្បាប់ពីភ្នាក់ងារសហព័ន្ធ និងក្រុងជាច្រើនបានឡោមព័ទ្ធតំបន់នោះ៕
ប្រែសម្រួល: ណៃ តុលា
