ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន បដិសេធមិនរធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ នៅក្នុងកិច្ចព្រមព្រៀង សន្តិភាព

គៀវ៖ អ៊ុយក្រែន នឹងមិនធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញរបស់ខ្លួន ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលអាចកើតមាននោះទេ នេះបើយោងតាមរបាយការណ៍ របស់ Interfax-Ukraine កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីសមាជិកម្នាក់ នៃគណៈប្រតិភូអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងការចរចា ជាមួយសហរដ្ឋអាមេរិក ដៃគូផ្សេងទៀត និងរុស្ស៊ី។

លោក Oleksandr Bevz ទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា “យើងបានបញ្ជាក់ថា អ៊ុយក្រែននឹងមិនទទួលយកទម្រង់ នៃការទទួលស្គាល់ណាមួយឡើយ ហើយអ៊ុយក្រែននឹងមិនធ្វើការផ្លាស់ប្តូរ ណាមួយចំពោះរដ្ឋធម្មនុញ្ញនោះទេ ដោយព្រមានថា ទាំងនេះគឺជាខ្សែបន្ទាត់ក្រហម”។

លោកបានលើកឡើងថា បញ្ហាទឹកដីគួរតែត្រូវ បានដោះស្រាយដោយផ្អែកលើគោលការណ៍ពីរ៖ ខ្សែបន្ទាត់ទំនាក់ទំនងបច្ចុប្បន្ន គួរតែបម្រើជាមូលដ្ឋានសម្រាប់ការចរចា ហើយសំណួរបែបនេះត្រូវ តែដោះស្រាយនៅកម្រិតមេដឹកនាំជាតិ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមប្រធានការិយាល័យប្រធានាធិបតី លោក Andriy Yermak អ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀង ជាគោលការណ៍លើធាតុផ្សំភាគច្រើននៃផែនការសន្តិភាព ដែលបានស្នើឡើង របស់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាវាត្រូវបានកែសម្រួលយ៉ាងសំខាន់ពីចំណុចដើមចំនួន ២៨ចំណុច មកត្រឹម ១៩ចំណុចក៏ដោយ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top