នាយករដ្ឋមន្ត្រីជប៉ុន ប្ដេជ្ញានឹងបង្កើនផល ប្រយោជន៍របស់ជប៉ុន តាមរយៈការសន្ទនាជាមួយចិន
តូក្យូ៖ នាយករដ្ឋមន្ត្រីលោកស្រី Sanae Takaichi បានឲ្យដឹងថា វាជា “ការទទួលខុសត្រូវ” របស់លោកស្រី ក្នុងការបង្កើនផលប្រយោជន៍របស់ជប៉ុន តាមរយៈការកសាងទំនាក់ទំនង ល្អជាមួយប្រទេសចិន តាមរយៈការសន្ទនា បន្ទាប់ពីជម្លោះការទូតរវាងប្រទេស ទាំងពីរបានកើនឡើងជុំវិញ ការកត់សម្គាល់របស់លោកស្រី លើកោះតៃវ៉ាន់។
ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងប៉េកាំង កាន់តែអាក្រក់ទៅៗ ចាប់តាំងពីលោកស្រី Takaichi បាននិយាយកាលពីដើមខែនេះថា ការវាយប្រហារ ដោយយោធាលើតៃវ៉ាន់អាចបង្ហាញពី “ស្ថានភាពគំរាមកំហែង ដល់ការរស់រានមានជីវិត” សម្រាប់ប្រទេសជប៉ុន ។ ការកត់សម្គាល់ទាំងនេះ ត្រូវបានបកស្រាយថា បង្ហាញ ពីការចូលរួមដ៏មានសក្តានុពលរបស់ជប៉ុន ចំពោះកងកម្លាំងការពារខ្លួន របស់ខ្លួនក្នុងការឆ្លើយតប ទៅនឹងសេណារីយ៉ូបែបនេះ។
ប្រទេសចិន ដែលដឹកនាំដោយកុម្មុយនិស្តចាត់ទុកតៃវ៉ាន់ ជាខេត្តបះបោរមួយ ដែលត្រូវបង្រួបបង្រួមជាមួយដីគោក ដោយកម្លាំងប្រសិនបើចាំបាច់ ។ ទីក្រុងប៉េកាំងទទូចថា បញ្ហាតៃវ៉ាន់ ដែលគ្រប់គ្រងដោយឡែកពីគ្នា ចាប់តាំងពីវាបានបំបែកនៅឆ្នាំ ១៩៤៩ ដោយសារតែសង្គ្រាមស៊ីវិល គឺជា “កិច្ចការផ្ទៃក្នុង” សុទ្ធសាធ។
ក្នុងអំឡុងពេលនៃការជជែកពិភាក្សាគ្នាមួយទល់នឹងមួយនៅក្នុងសភាជាមួយមេដឹកនាំគណបក្សប្រឆាំងនៅថ្ងៃពុធ លោកស្រី Takaichi ក៏បានឲ្យដឹងផងដែរថា លោកស្រីបានធ្វើអត្ថាធិប្បាយនេះក្នុងអំឡុងពេលសម័យប្រជុំសភានៅថ្ងៃទី ៧ ខែវិច្ឆិកា ដោយឆ្លើយតប “ដោយស្មោះ” ចំពោះសំណួរជាក់លាក់មួយអំពីការឆ្លើយតបដែលអាចកើតមានរបស់ប្រទេសជប៉ុន ចំពោះភាពអាសន្នដែលពាក់ព័ន្ធនឹងកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងនេះ។
លោកស្រី Takaichi ដែលបានឡើង កាន់តំណែង កាលពីខែមុន ត្រូវបានគេស្គាល់ថា បានឱបក្រសោបទស្សនៈសន្តិសុខ បែបយោធាចំពោះអតីតនាយករដ្ឋមន្ត្រី Shinzo Abe ដែលត្រូវបានគេធ្វើឃាត។ មេដឹកនាំជប៉ុនពីមុន រួមទាំងលោកផងដែរ បានរក្សាជំហរមិនច្បាស់លាស់ អំពីរបៀបដែលប្រទេសជប៉ុន នឹងឆ្លើយតបទៅនឹងកាលៈទេសៈ ដែលអាចកើតមាន ដែលពាក់ព័ន្ធនឹងតៃវ៉ាន់ ជាក់ស្តែងដើម្បីជៀស វាងការញុះញង់ប្រទេសចិន៕
ប្រែសម្រួល ឈូក បូរ៉ា
