លោក Putin ៖ នៅមិនទាន់មានពង្រាង សម្រាប់កិច្ចព្រមព្រៀងសន្តិភាព ណាត្រូវបានធ្វើឡើងនៅឡើយទេ
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា គ្មានឯកសារព្រាង ស្តីពីកិច្ចព្រមព្រៀង សន្តិភាពអ៊ុយក្រែននៅឡើយទេ ព្រោះថាទីក្រុងវ៉ាស៊ីនតោន ទើបតែគូសបញ្ជាក់ពីបញ្ជីបញ្ហា ដែលត្រូវពិភាក្សាប៉ុណ្ណោះ។
លោកប្រធានាធិបតីបានបន្ថែមទៀតថា ទោះយ៉ាងណា រុស្ស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីចរចាអំពីផែនការសន្តិភាពដែលស្នើឡើងដោយអាមេរិក។
លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់នេះ កាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុង Bishkek ប្រទេស Kyrgyzstan ដែលបានរៀបចំកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញា សន្តិសុខសមូហភាព (CSTO) ដែលជាប្លុកក្នុងតំបន់ ដែលប្រមូលផ្តុំប្រទេសក្រោយ សហភាពសូវៀតមួយចំនួន។
នៅពេលសួរដោយអ្នកកាសែតអំពីផែនការសន្តិភាពដែលស្នើឡើង ដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់ជម្លោះអ៊ុយក្រែន លោក Putin បាននិយាយថា គ្មានឯកសារព្រាងណាមួយទេ មានតែបញ្ហាជាច្រើនដែលលើកឡើង ដោយទីក្រុងវ៉ាស៊ីនតោនដើម្បីពិភាក្សានោះទេ។
លោកប្រធានាធិបតីបានចង្អុលបង្ហាញថា ៖ ជាគោលការណ៍ យើងយល់ស្របថា នេះអាចក្លាយជាមូលដ្ឋាននៃកិច្ចព្រមព្រៀង នាពេលអនាគតប៉ុន្តែវានឹងមិនសមរម្យសម្រាប់ ខ្ញុំក្នុងការនិយាយអំពីសេចក្តីព្រាងចុងក្រោយណាមួយនៅពេលនេះ ព្រោះថាមិនមាននៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី
