ព័ត៌មានអន្តរជាតិ

តុលាការ ICC នឹងសម្រេចដោះលែងអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ជាបណ្ដោះអាសន្ន

បរទេស៖ អតីតប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte អាចត្រូវបានដោះលែងពីការឃុំខ្លួននៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃសុក្រនេះ ខណៈដែលចៅក្រមសាលាឧទ្ធរណ៍ត្រូវបានកំណត់ដើម្បីសម្រេចលើសំណើសុំដោះលែងលោក អំឡុងពេលដែលដំណើរការលើលោកកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមអ្នកច្បាប់របស់លោក Duterte កំពុងប្តឹងឧទ្ធរណ៍លើការសម្រេចចិត្តក្នុងខែតុលា ដើម្បីរក្សាការឃុំឃាំងអ្នកដែលមានអាយុលើសពី៨០ឆ្នាំ បន្ទាប់ពីចៅក្រមបានរកឃើញថា គាត់ទំនងជាមិនព្រមវិលត្រឡប់មកសវនាការវិញ ហើយអាចប្រើសេរីភាពរបស់គាត់ដើម្បីបំភិតបំភ័យសាក្សី។

រដ្ឋអាជ្ញានៅ ICC និយាយថា លោក Duterte បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មនុស្សរាប់សិបនាក់ ដែលជាផ្នែកមួយនៃអ្វីដែលគេហៅថា សង្គ្រាមប្រឆាំងគ្រឿងញៀន ពេលដែលលោកកាន់តំណែង ដំបូងជាអភិបាលក្រុងភាគខាងត្បូង និងក្រោយមកជាប្រធានាធិបតីហ្វីលីពីន។ យោងតាមឯកសារតុលាការ លោកបានណែនាំ និងអនុញ្ញាតឲ្យមាន «អំពើហិង្សារួមទាំងការសម្លាប់ដើម្បីប្រព្រឹត្តចំពោះឧក្រិដ្ឋជនដែលត្រូវបានចោទប្រកាន់ រួមទាំងអ្នកជួញដូរគ្រឿងញៀន និងអ្នកប្រើប្រាស់»។

ការប៉ាន់ប្រមាណចំនួនអ្នកស្លាប់ក្នុងអំឡុងពេលអាណត្តិប្រធានាធិបតីរបស់លោក Duterte គឺមានការប្រែប្រួល។ ប៉ូលិសជាតិបានដាក់តួលេខនេះមានជាង ៦.០០០នាក់ ខណៈក្រុមសិទ្ធិមនុស្សអះអាងថា មានរហូតដល់៣ម៉ឺននាក់។ ក្រុមគ្រួសារជនរងគ្រោះបានសាទរចំពោះការចាប់ខ្លួនលោក Duterte កាលពីខែមីនា៕

ប្រែសម្រួលៈ ណៃ តុលា

To Top