មេដឹកនាំប៉ូឡូញ លប់ចោលជំនួបពិភាក្សា ជាមួយនឹង នាយករដ្ឋមន្ត្រីហុងគ្រី ជុំវិញបញ្ហាទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូ កាលពីពេលថ្មីៗនេះ
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បានសម្រេចចិត្តផ្អាក ការធ្វើដំណើរ បន្ទាប់របស់លោក ទៅកាន់ប្រទេសហុងគ្រី ដើម្បីឆ្លើយតបទៅនឹងដំណើរ ទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី ហុងគ្រី លោក Viktor Orban ទៅកាន់ទីក្រុងមូស្គូ នាពេលថ្មីៗនេះ ។
ការសម្រេចចិត្តនេះ ត្រូវបានប្រកាសកាល ពីព្រឹកថ្ងៃអាទិត្យ ដោយលោក Marcin Przydacz រដ្ឋលេខាធិការផ្ទាល់ របស់ប្រធានាធិបតីប៉ូឡូញ នៅក្នុងការប្រកាស មួយនៅលើបណ្តាញសង្គមX។
លោក Orban បានជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដើម្បីពិភាក្សាអំពីអ៊ុយក្រែន ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ថាមពល កាលពីថ្ងៃសុក្រ បើទោះបីជាសហភាពអឺរ៉ុបបានធ្វើពហិការ ការទូតលើប្រទេសរុស្ស៊ីជុំវិញ ជម្លោះជាមួយទីក្រុងគៀវក៏ដោយ ។
នាយករដ្ឋមន្ត្រីហុងគ្រី បានរិះគន់ម្តង ហើយម្តងទៀត នូវជំហរអរិភាព របស់ប្លុកនេះ ចំពោះទីក្រុងមូស្គូ និងប្រឆាំងនឹងការដាក់ទណ្ឌកម្ម ដោយជំរុញ ឱ្យមានការ ចរចាសន្តិភាពឡើងវិញផងដែរ។
គួរឲ្យដឹងដែរថា លោក Nawrocki គ្រោងនឹងធ្វើដំណើរទៅប្រទេសហុងគ្រី នៅថ្ងៃទី៣ខែធ្នូ សម្រាប់ដំណើរទស្សនកិច្ច រយៈពេលពីរថ្ងៃ ។
នៅក្រោមផែនការដើម គាត់ត្រូវចូលរួមកិច្ចប្រជុំកំពូល នៃមេដឹកនាំក្រុម Visegrad – ប្រទេសប៉ូឡូញ ហុងគ្រី សាធារណរដ្ឋឆេក និងស្លូវ៉ាគី ហើយនឹងបើកកិច្ចប្រជុំផ្លូវការ ជាមួយ Orban នៅទីក្រុង Budapest នៅថ្ងៃបន្ទាប់៕
ប្រែសម្រួល៖ស៊ុនលី
