ព័ត៌មានអន្តរជាតិ

ផ្ទុះរោងចក្រដែកថែប Nippon Steel នៅហុកកៃដូ ប្រទេសជប៉ុន

តូក្យូ៖ ការផ្ទុះមួយបានកើតឡើង នៅរោងចក្រមួយក្នុងទីក្រុង Muroran ក្នុងតំបន់ Hokkaido ភាគខាងជើងបំផុត នៃប្រទេសជប៉ុន នៅព្រឹកថ្ងៃចន្ទ ដែលបង្កឱ្យមានអគ្គីភ័យដ៏ធំមួយ និងកំទេចកំទីបេតុងខ្ទាតខ្ចាត់ខ្ចាយពាសពេញទីតាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យក្នុងស្រុក ប្រជាជននៅជិតរោងចក្រដែកថែបភាគខាងជើងនៃប្រទេសជប៉ុន Nippon ក្នុងទីក្រុង Muroran បានទូរស័ព្ទទៅសេវាសង្គ្រោះបន្ទាន់នៅម៉ោងប្រហែល ១២ និង៥៥នាទី ព្រឹក ម៉ោងក្នុងស្រុក ដោយរាយការណ៍ពីការរញ្ជួយនៅក្នុងផ្ទះរបស់ពួកគេ និងលទ្ធភាពនៃអគ្គីភ័យនៅក្នុងរោងចក្រ។ អ្នកពន្លត់អគ្គីភ័យដែលមកដល់កន្លែងកើតហេតុបានបញ្ជាក់ថា ឡរក្តៅមួយបានផ្ទុះឡើង ដែលបង្កឱ្យមានអគ្គីភ័យធំមួយនៅខាងក្នុងរោងចក្រ។

នាយកដ្ឋានពន្លត់អគ្គីភ័យ បានឲ្យដឹងថា កម្មករប្រហែល ១០ នាក់ ដែលនៅនឹងកន្លែង នៅពេលនោះបានជម្លៀស ចេញរួចហើយ ហើយមិនមានអ្នករង របួសត្រូវបានរាយការណ៍ទេ។ ទោះជាយ៉ាងណាក៏ដោយ អគ្គីភ័យនៅតែខ្លាំង ហើយកិច្ចខិតខំប្រឹងប្រែង ពន្លត់អគ្គីភ័យ បានបន្តអស់រយៈពេលជាច្រើនម៉ោង។

ក្រុមហ៊ុនបានបញ្ឈប់ប្រតិបត្តិការឡ ហើយកំពុងវាយតម្លៃ ការខូចខាតឧបករណ៍ ក៏ដូចជាផលប៉ះពាល់ ដែលអាចកើតមានលើ ខ្សែសង្វាក់ផ្គត់ផ្គង់ និងភស្តុភាររបស់ខ្លួន។ មូលហេតុនៃការផ្ទុះនៅតែស្ថិតក្រោមការស៊ើបអង្កេត៕

To Top