ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ បញ្ជាក់ពីការហៅទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡា

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា លោកបានទូរស័ព្ទជាមួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡា ម៉ាឌូរ៉ូ ប៉ុន្តែបានបដិសេធមិនបង្ហាញព័ត៌មានលម្អិតនៃការហៅទូរស័ព្ទនោះទេ នេះបើយោងតាមកាសែត The New York Times។

លោក ដូណាល់ ត្រាំ បានឲ្យដឹងនៅលើយន្តហោះ Air Force One ដោយលោកបានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយលើវាទេ។ ចម្លើយគឺបាទ ខ្ញុំមិននិយាយថាវាដំណើរការល្អ ឬអាក្រក់នោះទេ វាជាការហៅទូរស័ព្ទ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បានឲ្យដឹងផងដែរថា ការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃសៅរ៍ ដែលព្រមានថា ដែនអាកាសវេណេស៊ុយអេឡា គួរតែត្រូវបានចាត់ទុកថាត្រូវបានបិទ មិនមែនជាសញ្ញាមួយដែលបង្ហាញថាការវាយប្រហារតាមអាកាសនឹងកើតឡើងនោះទេ។

លោក ដូណាល់ ត្រាំ បានលើកឡើងថា “កុំយល់អ្វីទាំងអស់” ដោយកត់សម្គាល់ថា លោកបានធ្វើការជូនដំណឹង “ពីព្រោះយើងចាត់ទុកវេណេស៊ុយអេឡាថា មិនមែនជាប្រទេសដែលរួសរាយរាក់ទាក់នោះទេ”។ លោកក៏បានលើកឡើងនៅក្នុងសារកាលពីថ្ងៃសៅរ៍ថា ដែនអាកាសខាងលើ និងជុំវិញវេណេស៊ុយអេឡា គួរតែត្រូវបានចាត់ទុកថា ត្រូវបានបិទទាំងស្រុង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top