អាហ្វ្រិកខាងត្បូង នឹង ចូលរួមយ៉ាងពេញ លេញនៅក្នុង ក្រុមប្រទេស G20 ទោះបីជាមាន ភាពតានតឹង ជាមួយទីក្រុងវ៉ាស៊ីនតោន
បរទេស៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានឲ្យដឹងថា ប្រទេសនេះ នឹងនៅតែចូលរួមយ៉ាង ពេញលេញនៅក្នុងសកម្មភាព G20 ទោះបីជាមានភាពតានតឹងថ្មីៗ ជាមួយសហរដ្ឋអាមេរិក ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G20 នៅឆ្នាំក្រោយក៏ដោយ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថា ជាតិមួយបន្ទាប់ ពីអាហ្វ្រិកខាងត្បូង បានធ្វើជាអធិបតី ក្នុងកិច្ចប្រជុំកំពូលមេដឹកនាំ G20 កាលពីមួយសប្តាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោន មិនបានចូលរួមក្នុងកិច្ចប្រជុំនោះ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីដើមសប្តាហ៍នេះថា អាហ្វ្រិកខាងត្បូង នឹងមិនត្រូវ បានអញ្ជើញ ឱ្យចូលរួមកិច្ចប្រជុំ G20 នៅឆ្នាំក្រោយទេ ដោយសារតែមានភាពតានតឹង ក្នុងទំនាក់ទំនងទ្វេភាគី។
លោក Ramaphosa បានលើកឡើងថា “យើងត្រូវតែបញ្ជាក់ឱ្យច្បាស់ថា អាហ្វ្រិកខាងត្បូងគឺជាសមាជិកស្ថាបនិកមួយរូបនៃ G20 ហើយដូច្នេះអាហ្វ្រិកខាងត្បូងគឺ ជាសមាជិកនៃ G20 ក្នុងនាម និងសិទ្ធិរបស់ខ្លួន ។ យើងនឹងបន្តចូលរួមជា សមាជិកពេញលេញ សកម្ម និងស្ថាបនា នៃក្រុមប្រទេស G20″។
លោកបានបន្ដថា ការអវត្តមានរបស់សហរដ្ឋអាមេរិកពីកិច្ចប្រជុំកំពូលមេដឹកនាំឆ្នាំនេះ គឺមានឫសគល់នៅក្នុងព័ត៌មានមិនពិត និង “គួរឱ្យសោកស្តាយ”។ លោក ត្រាំ បានលើកឡើងពីការចោទប្រកាន់អំពី “ការប្រល័យពូជសាសន៍ស្បែកស” នៅក្នុងប្រទេសអាហ្វ្រិកជាហេតុផលនៃការធ្វើពហិការកិច្ចប្រជុំកំពូល។
លោកបន្ដថា “នេះគឺជាព័ត៌មានមិនពិតអំពីប្រទេសរបស់យើង។ វាជារឿងគួរឲ្យសោកស្ដាយជាងនេះទៅទៀត ដែលហេតុផល ដែលសហរដ្ឋអាមេរិក បានផ្ដល់ឲ្យសម្រាប់ការមិនចូលរួមរបស់ខ្លួន គឺផ្អែកលើការចោទប្រកាន់ ដែលគ្មានមូលដ្ឋាន និងមិនពិតថា អាហ្វ្រិកខាងត្បូង កំពុងប្រព្រឹត្ត អំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិអាហ្វ្រិក និងការរឹបអូសដីធ្លីពីជនជាតិ ស្បែកស”។
លោក Ramaphosa បានបញ្ជាក់ថា អាហ្វ្រិកខាងត្បូង បានប្រគល់តំណែងប្រធាន G20 ទៅឲ្យសហរដ្ឋអាមេរិក កាលពីដើមសប្តាហ៍នេះ ហើយប្រទេសរបស់លោកឲ្យតម្លៃ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោន ហើយនៅតែប្តេជ្ញាចិត្ត ចំពោះការសន្ទនា៕
