កាណាដា បញ្ចប់ការចរចា ដើម្បីចូលរួមសកម្មភាព សន្តិសុខ របស់សហភាព អឺរ៉ុបសម្រាប់អឺរ៉ុប
អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានប្រកាសអំពីការ បញ្ចប់ការចរចា សម្រាប់ការចូលរួម របស់កាណាដា នៅក្នុងសកម្មភាពសន្តិសុខ សម្រាប់អឺរ៉ុប (SAFE) របស់សហភាពអឺរ៉ុប។
នៅក្នុងសេចក្តីប្រកាស ព័ត៌មានពីគេហទំព័រផ្លូវការ របស់នាយករដ្ឋមន្ត្រី លោក Carney បានឧ្យដឹងថា កាណាដា និងសហភាពអឺរ៉ុបនឹងធ្វើការ ដើម្បីផ្តល់សច្ចាប័នយ៉ាង ឆាប់រហ័សលើកិច្ចព្រមព្រៀង SAFE ទ្វេភាគី ដោយមានគោលដៅចាប់ផ្តើម ការចូលរួមរបស់កាណាដា ជាផ្លូវការនៅក្នុង SAFE នៅក្នុងសប្តាហ៍ខាងមុខនេះ។
លោកបានលេីកឡេីងថា ការចូលរួមរបស់កាណាដា នឹងផ្តល់ឱ្យឧស្សាហកម្មការពារជាតិ កាណាដានូវលទ្ធភាពចូលទៅកាន់ទីផ្សារអឺរ៉ុប កាន់តែច្រើន ទាក់ទាញអ្នកផ្គត់ផ្គង់ថ្មី ដែលអាចទុកចិត្តបានសម្រាប់ កងកម្លាំងប្រដាប់អាវុធកាណាដា និងជំរុញការវិនិយោគឯកជន យ៉ាងច្រើននៅក្នុងប្រទេសកាណាដា បង្កើតអាជីពដែលមានប្រាក់ខែខ្ពស់ ការរីកចម្រើន ឧស្សាហកម្មកាណាដា និងជំរុញការត្រៀមខ្លួនការពារជាតិ ឆ្លងមហាសមុទ្រអាត្លង់ទិក។
លោកបានបន្ថែមថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ កាណាដា នឹងក្លាយជាប្រទេសតែមួយគត់នៅខាងក្រៅអឺរ៉ុប ដែលមានសិទ្ធិចូលប្រើប្រាស់អនុគ្រោះ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ប្រទេសកាណាដានឹងបង្កើតទីភ្នាក់ងារវិនិយោគការពារជាតិថ្មីមួយ ដើម្បីលុបបំបាត់ការិយាធិបតេយ្យ ធ្វើមជ្ឈិមកម្មការត្រួតពិនិត្យ និងការអនុម័ត និងជំរុញសមត្ថភាពឧស្សាហកម្ម៕
ប្រែសម្រួល ឈូក បូរ៉ា
