មេដឹកនាំអឺរ៉ុប បដិសេធកិច្ចព្រមព្រៀង សន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដែលបង្កើតឡើង ដោយគ្មានជនជាតិអ៊ុយក្រែន និងជនជាតិអឺរ៉ុប
បរទេស៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងមេដឹកនាំអឺរ៉ុបដទៃទៀត បានបដិសេធកិច្ចព្រមព្រៀង សន្តិភាពអ៊ុយក្រែនណាមួយ ដែលបានចរចា “ដោយគ្មានជនជាតិអ៊ុយក្រែន និងជនជាតិអឺរ៉ុប”។
លោក ម៉ាក្រុង បានឧ្យដឹងកាលពីថ្ងៃចន្ទថា “ផែនការសន្តិភាព” ណាមួយទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចត្រូវបានបញ្ចប់លុះត្រាតែមាន ការចូលរួមពីអ៊ុយក្រែន និងអឺរ៉ុបក្នុងការចរចា។
លោកបានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅឯវិមាន Elysee បន្ទាប់ពីបានជួបជាមួយ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ដែលកំពុងទស្សនកិច្ច។
ស្តីពីបញ្ហានានា រួមទាំងការ បង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ការធានាសន្តិសុខ និង ការចូលជាសមាជិក សហភាពអឺរ៉ុបរបស់អ៊ុយក្រែន លោក ម៉ាក្រុង បានឧ្យដឹងថា កិច្ចព្រមព្រៀង “អាចត្រូវបានបញ្ចប់លុះត្រា តែមានជនជាតិអឺរ៉ុបនៅជុំវិញតុ”។
ប្រធានាធិបតីបារាំងក៏បានសង្កត់ធ្ងន់ផងដែរថា “មិនមានផែនការសន្តិភាព ដែលបានបញ្ចប់ដូចសព្វថ្ងៃនេះទេ”។ លោក ហ្សេឡិនស្គី បានឧ្យដឹងថា អ៊ុយក្រែន បានស្វែង រកការបញ្ចប់ជម្លោះ «តាមរបៀបថ្លៃថ្នូរ» ដោយអំពាវនាវ ឱ្យមានការធានាសន្តិសុខ «រឹងមាំ» ហើយបានកត់សម្គាល់ថា «បញ្ហាទឹកដីនឹងក្លាយជាការលំបាកបំផុត» នៅក្នុងកិច្ចពិភាក្សា នាពេលអនាគត ៕
ប្រែសម្រួល ឈូក បូរ៉ា
