ព័ត៌មានអន្តរជាតិ

​ លោក Macron និយាយថាផែនការសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ត្រូវតែពាក់ព័ន្ធនឹង អ៊ុយក្រែន និងអឺរ៉ុប

ប៉ារីស ៖​ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល​ ម៉ាក្រុង​ បានឧ្យដឹងថា «ផែនការសន្តិភាព» ណាមួយទាក់ទងនឹងជម្លោះរុស្ស៊ី-អ៊ុយក្រែន​ អាចត្រូវបានបញ្ចប់ លុះត្រាតែមានការចូលរួមពីអ៊ុយក្រែន និងអឺរ៉ុបក្នុងការចរចា។

លោក​ ម៉ាក្រុង​ បានធ្វើការកត់សម្គាល់នេះ នៅក្នុងសន្និសីទ សារព័ត៌មានរួមគ្នា មួយនៅឯវិមាន Elysee បន្ទាប់ពីបានជួបជាមួយប្រធានាធិបតី អ៊ុយក្រែនលោក​ វូឡូឌីមៀ​ ហ្សេឡិនស្គី ដែលកំពុងទស្សនកិច្ច ។

លើបញ្ហានានា រួមទាំងការបង្កកទ្រព្យសម្បត្តិរបស់រុស្ស៊ី ការធានាសន្តិសុខ និងការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន លោក ម៉ាក្រុង​ បានលេីកឡេីងថា កិច្ចព្រមព្រៀង «អាចត្រូវបានបញ្ចប់ លុះត្រាតែមានបណ្តាប្រទេសនៅអឺរ៉ុប​ នៅជុំវិញតុចរចា»។

ប្រធានាធិបតីបារាំង ក៏បានសង្កត់ធ្ងន់ផងដែរថា «មិនមានផែនការសន្តិភាពដែលបានបញ្ចប់ដូចសព្វថ្ងៃនេះទេ»​ នេះបេីយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ហ្សេឡិនស្គី​ បានឧ្យដឹងផងដែរថា អ៊ុយក្រែន​ បានស្វែងរកការបញ្ចប់ជម្លោះ «តាមរបៀបថ្លៃថ្នូរ» ដោយអំពាវនាវឱ្យមានការធានាសន្តិសុខ «រឹងមាំ» ហើយបានកត់សម្គាល់ថា «បញ្ហាទឹកដីនឹងពិបាកបំផុត» នៅក្នុងកិច្ចពិភាក្សានាពេលអនាគត៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top