រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុញ្ញាតឱ្យការធ្វើ ដំណើរដោយគ្មានទិដ្ឋាការ
បរទេស៖ មន្ត្រីរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុញ្ញាតឱ្យការធ្វើដំណើរដោយ គ្មានទិដ្ឋាការសម្រាប់ពលរដ្ឋ នៃប្រទេសទាំងពីរ ក្នុងរយៈពេល ៩០ ថ្ងៃ ក្នុងមួយឆ្នាំ ។ កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងនៅក្នុងវេទិកា ធុរកិច្ចទ្វេភាគី ក្នុងទីក្រុង Riyadh កាលពីថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ កើតឡើងខណៈប្រទេសទាំងពីរ អភិវឌ្ឍកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចយ៉ាងសកម្ម។ បរិមាណនៃការវិនិយោគសរុប របស់រុស្ស៊ីនៅក្នុងព្រះរាជាណាចក្រ អារ៉ាប់បានកើនឡើង ៦ ដងកាលពីឆ្នាំមុន ខណៈដែលការវិនិយោគ របស់អារ៉ាប៊ីសាអូឌីតនៅ ក្នុងប្រទេសរុស្ស៊ីបានកើនឡើង ១១ភាគរយ, នេះបើយោងតាមឧបនាយករដ្ឋមន្ត្រី រុស្ស៊ី Aleksandr Novak ដែលជាសហប្រធានគណៈកម្មាធិការ អន្តររដ្ឋាភិបាលស្តីពីភាពជាដៃគូពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងទីក្រុងម៉ូស្គូ និងទីក្រុងរីយ៉ាដ។
សន្ធិសញ្ញាស្តីពីការធ្វើដំណើរដោយគ្មានទិដ្ឋាការ ដែលត្រូវបានចេញផ្សាយជាផ្លូវការ ដោយទីក្រុងមូស្គូ កាលពីសប្តាហ៍មុន មុនពិធីចុះហត្ថលេខានេះ អនុញ្ញាតឱ្យពលរដ្ឋនៃប្រទេសទាំងពីរទៅលេងប្រទេសមួយទៀតដោយគ្មានទិដ្ឋាការរហូតដល់ ៩០ ថ្ងៃក្នុងមួយឆ្នាំ ។ វានឹងចូលជាធរមានក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីវាត្រូវបានចុះហត្ថលេខា និងផ្តល់សច្ចាប័នដោយភាគីទាំងពីរ។
ការធ្វើដំណើរសម្រាប់គោលបំណង នៃការងារ ការសិក្សា ឬការស្នាក់នៅអចិន្ត្រៃយ៍ នឹងនៅតែទាមទារ ការអនុញ្ញាតដាច់ដោយឡែក ។ ការលើកលែងទិដ្ឋាការ នឹងមិនអនុវត្ត ចំពោះពលរដ្ឋរុស្ស៊ី ដែលធ្វើដំណើរទៅកាន់ប្រទេស អារ៉ាប៊ីសាអូឌីតសម្រាប់ធម្មយាត្រា Hajj នោះទេ៕
ប្រែសម្រួលៈ ណៃ តុលា
