កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២.៦ភាគរយនៅឆ្នាំ២០២៥
បរទេស៖ កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកត្រឹម ២.៦ភាគរយនៅឆ្នាំ២០២៥ ធ្លាក់ចុះពី ២.៩ភាគរយនៅឆ្នាំ២០២៤ ដោយសារតែសម្ពាធកាន់តែខ្លាំងឡើងពីភាពប្រែប្រួលផ្នែកហិរញ្ញវត្ថុ និងភាពមិនប្រាកដប្រជាខាងភូមិសាស្ត្រនយោបាយ ដែលកំពុងប្រឈមមុខនឹងពាណិជ្ជកម្ម និងការវិនិយោគសកល។
របាយការណ៍ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ឆ្នាំ២០២៥ របស់ UNCTAD បង្ហាញថា ការផ្លាស់ប្តូរនៅក្នុងទីផ្សារហិរញ្ញវត្ថុប៉ះពាល់ដល់ពាណិជ្ជកម្មសកលស្ទើរតែខ្លាំងដូចសកម្មភាពសេដ្ឋកិច្ចពិតប្រាកដដែរ ដែលជះឥទ្ធិពលដល់ទស្សនវិស័យអភិវឌ្ឍន៍ទូទាំងពិភពលោក នេះបើយោងតាមស្ថាប័នពាណិជ្ជកម្មអង្គការសហប្រជាជាតិ។
របាយការណ៍នេះបានឧ្យដឹងថា ទោះបីជាមានការកើនឡើងសក្តានុពលពីបច្ចេកវិទ្យាថ្មីៗដូចជាបញ្ញាសិប្បនិម្មិតក៏ដោយ កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានគេព្យាករថានឹងនៅតែស្ថិតក្នុងកម្រិតទាបនៅឆ្នាំ២០២៦ នៅ ២.៦ភាគរយ។
UNCTAD បានឧ្យដឹងថា ការព្យាករណ៍របស់ខ្លួនគឺផ្អែកលើកំណើនសរុបសកលដោយប្រើទម្ងន់អត្រាប្តូរប្រាក់ទីផ្សារ (MER) ជាជាងទម្ងន់សមភាពអំណាចទិញ (PPP) ដែលប្រើប្រាស់ដោយអង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលក្រោយមកទៀតនាំឱ្យមានការព្យាករណ៍កំណើនសកលខ្ពស់ជាង។
នៅថ្ងៃដដែលនោះ OECD បានព្យាករណ៍ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) សកលនឹងថយចុះពី ៣,២ ភាគរយនៅឆ្នាំ ២០២៥ មកត្រឹម ២,៩ ភាគរយនៅឆ្នាំ ២០២៦៕
ប្រែសម្រួល ឈូក បូរ៉ា
