ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង​ បញ្ជាក់ថា​ មិនទាន់មានផែនការ សម្របសម្រួល​ សម្រាប់អ៊ុយក្រែន នៅឡើយទេ

មូស្គូ៖ មិនទាន់មានផែនការសម្របសម្រួល សម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែននៅឡើយទេ បន្ទាប់ពីកិច្ចប្រជុំ រវាងប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន និងបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff នេះបើយោងតាមការចុះផ្សាយរបស់ TASS ដោយដកស្រង់សម្តីជំនួយ ការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov។

ម្សិលមិញនេះ​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានឲ្យដឹងថា កិច្ចពិភាក្សាប្រហែល ៤ម៉ោងជាមួយ គណៈប្រតិភូអ៊ុយក្រែន នៅរដ្ឋផ្លរីដាកាលពីថ្ងៃអាទិត្យ បានធ្វើឱ្យមានវឌ្ឍនភាព «បន្ថែម» លើផែនការសន្តិភាព ដែលបានកែសម្រួលដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែន ប៉ុន្តែ «មានការងារជាច្រើនទៀតដែលត្រូវធ្វើ»។

លោក Rubio បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំថា «រឿងនេះវាស្មុគស្មាញណាស់ មានផ្នែកជាច្រើន ដែលកំពុងផ្លាស់ប្តូរ ហើយជាក់ស្តែងមានភាគីមួយទៀត ដែលពាក់ព័ន្ធនៅទីនេះ ដែលនឹងត្រូវក្លាយជាផ្នែកមួយនៃសមីការ យើងមិនត្រឹមតែចង់បញ្ចប់សង្គ្រាមទេ យើងក៏ចង់ជួយអ៊ុយក្រែ នឱ្យមានសុវត្ថិភាពជារៀងរហូតផងដែរ»។

លោក Rustem Umerov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានពិពណ៌នាអំពីកិច្ចពិភាក្សានេះថា «វាពិបាក ប៉ុន្តែមានផលិតភាព»។ លោក Umerov ដែលជាប្រធានក្រុមចរចាអ៊ុយក្រែន បានសរសេរនៅលើហ្វេសប៊ុកថា «យើងបានធ្វើឱ្យមានវឌ្ឍនភាពជាក់ស្តែងឆ្ពោះ ទៅរកការបង្កើតសន្តិភាពដ៏យុត្តិធម៌»។

លោកបានសរសេរថា កិច្ចប្រជុំនេះមានអត្ថន័យ និងជោគជ័យ ដោយបន្ថែមថា នៅមានការងារជាច្រើននៅខាងមុខ ហើយភាគីទាំងពីរនឹងបន្តការពិគ្រោះយោបល់ និងការសម្របសម្រួលលើជំហានបន្ថែមទៀត ដើម្បីសន្តិភាពនៅអ៊ុយក្រែន។ កិច្ចចរចាជុំចុងក្រោយរវាងភាគីទាំងពីរត្រូវបានធ្វើឡើងនៅ Hallandale Beach រដ្ឋ Florida សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃដដែល ។ ទាំងលោក Rubio និងលោក Umerov មិនបានឆ្លើយ សំណួរពីអ្នកយក ព័ត៌មានបន្ទាប់ ពីកិច្ចប្រជុំនោះទេ។

យោងតាមរបាយការណ៍ របស់ Wall Street Journal បានឲ្យដឹងថា បេសកជនពិសេសប្រធានាធិបតី អាមេរិកប្រចាំតំបន់ មជ្ឈឹមបូព៌ា លោក Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Jared Kushner ក៏បានចូលរួមកិច្ចចរចា នៅថ្ងៃអាទិត្យផងដែរ ហើយនឹងធ្វើដំណើរ ទៅកាន់ទីក្រុងមូស្គូនៅថ្ងៃចន្ទនេះ សម្រាប់ការពិភាក្សាបន្ថែមទៀត៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top