ប្រធានាធិបតីបារាំង ទៅដល់ប្រទេសចិនហើយ សម្រាប់ទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ និងការព្យាយាមបញ្ចូលទី ក្រុងប៉េកាំង ក្នុងការដាក់សម្ពាធ លើរុស្ស៊ី ឆ្ពោះទៅរកបទឈប់បាញ់ជាមួយអ៊ុយក្រែន
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានទៅដល់ប្រទេសចិនហើយ កាលពីថ្ងៃពុធសម្រាប់ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលបីថ្ងៃ ដែលផ្តោតលើ កិច្ចពិភាក្សាពាណិជ្ជកម្ម និងការទូត ខណៈដែលប្រធានាធិបតី បារាំងព្យាយាមបញ្ចូលទីក្រុងប៉េកាំង ក្នុងការដាក់សម្ពាធលើប្រទេសរុស្ស៊ី ឆ្ពោះទៅរកបទឈប់បាញ់ជាមួយអ៊ុយក្រែន។
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យរបស់លោកបាននិយាយថា លោក Macron នឹងតស៊ូមតិសម្រាប់របៀបវារៈនៃកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងគោលបំណងសម្រេច បាននូវតុល្យភាពដែលធានា “កំណើនប្រកបដោយនិរន្តរភាព និងរឹងមាំដែលផ្តល់អត្ថ ប្រយោជន៍ដល់មនុស្សគ្រប់គ្នា” ។
ប្រទេសបារាំងមានបំណង ទាក់ទាញការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនចិន និងសម្រួលដល់ការចូល ទៅកាន់ទីផ្សារសម្រាប់ការ នាំចេញរបស់បារាំង។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ មន្ត្រីនៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងវិស័យថាមពល ឧស្សាហកម្មម្ហូបអាហារ និងវិស័យអាកាសចរណ៍។
ការិយាល័យរបស់លោកបាននិយាយថា លោក Macron ប្តេជ្ញាការពារ “ការទទួលបានទីផ្សារដោយយុត្តិធម៌ និងទៅវិញទៅមក”។
លោក Macron និងភរិយារបស់គាត់ឈ្មោះ Brigitte បានពាក់អាវក្រៅបើកចំហប្រឆាំងនឹងភាពត្រជាក់នៃរដូវរងា នៅពេលដែលអ្នកទាំងពីរបាន ចុះពីលើយន្តហោះបន្ទាប់ពីយប់នៅ ឯអាកាសយានដ្ឋានក្នុងទីក្រុងប៉េកាំង ហើយបានដើរចុះពីលើយន្តហោះ ដែលមានកម្រាលព្រំក្រហម។ ពួកគេត្រូវបានស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលបាននិយាយ ជាមួយលោក Macron មុនពេលមេដឹកនាំបារាំង និងភរិយារបស់គាត់ចាក ចេញនៅក្នុងរថយន្ត ៕
ប្រែសម្រួលៈ ណៃ តុលា
