ព័ត៌មានអន្តរជាតិ

អូស្ត្រាលី សន្យាផ្តល់ជំនួយយោធាចំនួន ៦២ លានដុល្លារ អាមេរិកដល់អ៊ុយក្រែន

កង់បេរ៉ា៖ នៅថ្ងៃព្រហស្បតិ៍នេះ អូស្ត្រាលី បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីចំនួន ៩៥ លានដុល្លារអូស្ត្រាលី (៦២,៦ លានដុល្លារអាមេរិក) សម្រាប់អ៊ុយក្រែន ដែលរួមមានសម្ភារៈ និងឧបករណ៍ សម្រាប់កងកម្លាំង ការពារជាតិអ៊ុយក្រេន ស្របពេលដែលប្រទេសនេះ កំពុងធ្វើសង្គ្រាមដ៏រ៉ាំរ៉ៃជាមួយប្រទេសរុស្ស៊ី ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Richard Marles បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ជាមួយរដ្ឋមន្ត្រីការបរទេស លោកស្រី Penny Wong និងរដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មការពារជាតិ លោក Pat Conroy ថា កញ្ចប់ថ្មីនេះនឹងធ្វើឲ្យមានការគាំទ្រ សរុបរបស់ប្រទេសអូស្ត្រាលី ដល់អ៊ុយក្រែន ដល់ជាង ១,៧ ពាន់លានដុល្លារអូស្ត្រាលី។

ការគាំទ្រជំនួយយោធាថ្មីនឹង មានការចូលរួមវិភាគទានចំនួន ៥០ លានដុល្លារអូស្ត្រាលី ទៅក្នុងបញ្ជីតម្រូវការអ៊ុយក្រែន អាទិភាពរបស់ណាតូ ដែលតាមរយៈនោះអ៊ុយក្រែន ត្រូវបានផ្គត់ផ្គង់ ឧបករណ៍សំខាន់ៗ ក៏ដូចជាសម្ភារៈ និងឧបករណ៍សម្រាប់ កងកម្លាំងការពារជាតិអូស្ត្រាលី (ADF) ចំនួន ៤៣ លានដុល្លារអូស្ត្រាលី។

ឧបករណ៍ ADF នឹងរួមមានរ៉ាដាការពារដែន អាកាសយុទ្ធសាស្ត្រ គ្រាប់រំសេវ និងឧបករណ៍វិស្វកម្មប្រយុទ្ធ។ ថវិកាបន្ថែមចំនួន ២ លានដុល្លារអូស្ត្រាលី នឹងត្រូវបានចូលរួមវិភាគទាន ដោយអូស្ត្រាលី ដល់សម្ព័ន្ធភាពសមត្ថភាព យន្តហោះគ្មានមនុស្សបើក ដែលផ្តល់ឱ្យអ៊ុយក្រែន នូវបច្ចេកវិទ្យាយន្តហោះ គ្មានមនុស្សបើកទំនើប៕

To Top