រុស្ស៊ី និងសហរដ្ឋអាមេរិក ពិភាក្សាគ្នាអំពីការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងបេសកជនពិសេសប្រធានាធិបតីអាមេរិក លោក Steve Witkoff បានពិភាក្សាគ្នាអំពីការចូលជាសមាជិកអង្គការណាតូរបស់អ៊ុយក្រែន ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារបស់អ្នកទាំងពីរ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yuri Ushakov ។
លោក Ushakov បានលើកឡើងដោយមិនបានបញ្ជាក់លម្អិតថា រុស្ស៊ី និងសហរដ្ឋអាមេរិក បានឈានដល់ការឯកភាពគ្នាមួយ។ លោកស្រីបន្ដថា វឌ្ឍនភាពដ៏ជោគជ័យដែលធ្វើឡើងដោយកងទ័ពរុស្ស៊ី នៅលើជួរមុខអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បានអនុញ្ញាតឱ្យលោកខាងលិចបង្កើតការវាយតម្លៃកាន់តែសមស្របអំពីស្ថានភាព។
លោកបានលើកឡើងថា រហូតមកដល់ពេលនេះ រុស្ស៊ីបានចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិកតែប៉ុណ្ណោះលើវិបត្តិអ៊ុយក្រែន។ លោកបានសង្កត់ធ្ងន់ថា រុស្ស៊ីមិនមានជំហរអវិជ្ជមានចំពោះការចូលរួមជាមួយអឺរ៉ុបទេ ប៉ុន្តែអឺរ៉ុបបានបដិសេធមិនសហការ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក ពូទីន និងលោក Witkoff បានធ្វើកិច្ចប្រជុំប្រហែលប្រាំម៉ោង ដែលបានបញ្ចប់បន្ទាប់ពីម៉ោង ១២ យប់ថ្ងៃពុធ។ លោក Ushakov បានពិពណ៌នាអំពីកិច្ចប្រជុំនេះថា «មានប្រយោជន៍ខ្លាំងណាស់ មានលក្ខណៈស្ថាបនា និងផ្តល់ព័ត៌មានយ៉ាងច្រើន» ដោយលោកបានលើកឡើងថា ភាគីទាំងពីរបានពិនិត្យឯកសារដែលសហរដ្ឋអាមេរិកបានបង្ហាញពីមុន ហើយបានព្រមព្រៀងគ្នាមិនបង្ហាញពីខ្លឹមសារនៃកិច្ចពិភាក្សានោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
