គណៈកម្មការអឺរ៉ុបបច្ចុប្បន្ន បង្ហាញពីឆន្ទៈពិតប្រាកដ សម្រាប់ការពង្រីកសហភាពអឺរ៉ុប
បរទេស៖ មិនដូចគណៈកម្មការអឺរ៉ុប (EC) មុនៗទេ គណៈកម្មការបច្ចុប្បន្នមានឆន្ទៈនយោបាយពិតប្រាកដក្នុងការពង្រីកសហភាពអឺរ៉ុប នេះបើយោងតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីក្រូអាតលោក Andrej Plenkovic នៅក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុង Zagreb កាលពីថ្ងៃពុធ។
យោងតាមគេហទំព័ររបស់រដ្ឋាភិបាលក្រូអាតលោក Plenkovic បានប្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកទីពីររបស់ប្រទេសក្រូអាតថា ក្នុងអំឡុងពេលអាណត្តិរបស់ EC មុនៗ លោកមិនមានអារម្មណ៍ថាមាន «ឆន្ទៈនយោបាយដ៏ស្មោះត្រង់នៅចំកណ្តាលនយោបាយទីក្រុងព្រុចសែល» ដើម្បីពង្រីកសហភាពអឺរ៉ុបនោះទេ។
លោកបានលើកឡើងថា «លើកនេះយើងអាចមានអារម្មណ៍ថាមានឆន្ទៈនយោបាយនៅក្នុងស្ថាប័នប្រតិបត្តិសហភាពអឺរ៉ុប សូម្បីតែនៅក្នុងរដ្ឋសមាជិកភាគច្រើនក៏ដោយ ប្រហែលជាដល់ពេលដែលអ្នកផ្សេងគួរតែចូលរួមបន្ទាប់ពីក្រូអាត ដែលបានចូលរួមជាមួយសហភាពអឺរ៉ុបនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៣»។
លោក Plenkovic បានលើកឡើងថា មានក្រុមប្រទេសពីរក្រុមដែលជាបេក្ខជនសម្រាប់សហភាពអឺរ៉ុប៖ អ៊ុយក្រែន និងម៉ុលដាវី ក្នុងក្រុមមួយ និងប្រទេសនៅអឺរ៉ុបអាគ្នេយ៍ ឬតំបន់បាល់កង់ខាងលិច ក្នុងក្រុមមួយទៀត ដោយមានម៉ុងតេណេហ្គ្រោជាក្រុមឈានមុខគេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Plenkovic បានបន្ដថា «ប្រសិនបើពួកគេអាចត្រៀមខ្លួនរួចរាល់ខាងបច្ចេកទេស យើងអាចមានការសម្រេចចិត្តផ្នែកនយោបាយសម្រាប់អ្នកខ្លះមុនឆ្នាំ ២០៣០»។ យោងតាមគេហទំព័ររបស់រដ្ឋាភិបាលក្រូអាត កិច្ចប្រជុំកំពូលនេះបានប្រមូលផ្តុំមេដឹកនាំ អ្នកធ្វើគោលនយោបាយ និងអ្នកជំនាញ ដើម្បីស្វែងយល់ពីរបៀបដែលឯកភាព ស្ថិរភាព និងនវានុវត្តន៍អាចណែនាំអឺរ៉ុបឆ្លងកាត់យុគសម័យផ្លាស់ប្តូរនេះ៕
ប្រែសម្រួល ឈូក បូរ៉ា
