ព័ត៌មានអន្តរជាតិ

រូបថតនាយករដ្ឋមន្រ្តីថៃ និង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ ថតជាមួយមេបណ្តាញ ឆបោកឆ្លងដែន ដ៏ធំមួយក្នុងប្រទេស ត្រូវបែកធ្លាយ ពេញបណ្តាញសង្គម

បរទេស ៖ លោកនាយករដ្ឋមន្ត្រីថៃលោក អនុទីន ឆានវីរៈគុល និងលោក ឯកនីទី នីទីថានប្រាផាស រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ នៅថ្ងៃព្រហស្បតិ៍ បានការពាររូបថត ដែលកំពុងបែកធ្លាយ តាមអ៊ិនធ័រណិត ជាមួយអ្នកជំនួញអាហ្វ្រិកខាងត្បូងម្នាក់ ដែលសង្ស័យថា ពាក់ព័ន្ធនឹងបណ្តាញឆបោក ឆ្លងដែនដ៏ធំមួយ ខណៈដែលរដ្ឋាភិបាល កំពុងប្រឈមមុខនឹងសម្ពាធ នយោបាយកាន់តែខ្លាំងឡើង ជុំវិញការដោះស្រាយទឹកជំនន់ធ្ងន់ធ្ងរ នៅភាគខាងត្បូងប្រទេសថៃ។

យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា រូបភាពទាំងនោះ ដែលត្រូវបានចែករំលែកយ៉ាងទូលំទូលាយនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងសប្តាហ៍នេះ បង្ហាញថា លោក អនុទីន និងលោក ឯកនីទី ថតរូបជាមួយលោក Ben Smith ដែលជាជនជាតិ អាហ្វ្រិកខាងត្បូងម្នាក់ ដែលអាជ្ញាធរកំណត់ អត្តសញ្ញាណថា ជាអ្នកមានឥទ្ធិពលម្នាក់នៅក្នុងបណ្តាញឆបោកឆ្លងដែនដែលសង្ស័យថា មានទ្រព្យសម្បត្តិជាង ៩ ពាន់លានបាត (៣១០ លានដុល្លារ) ត្រូវបានរឹបអូស ដោយការិយាល័យប្រឆាំង ការលាងលុយកខ្វក់របស់ប្រទេសថៃ។

ដោយប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងនៅយប់ថ្ងៃពុធ លោក អនុទីន បានប្រាប់អ្នកយកព័ត៌មាននៅព្រឹកបន្ទាប់ថា រូបថតទាំងនោះត្រូវបានថត នៅឆ្នាំ ២០១៤ ដែលជាលើកដំបូង ដែលលោកបានជួបលោក Ben Smith ។ លោកបាននិយាយថា លោកស្គាល់លោក Ben Smith តាមរយៈ «មិត្តភក្តិរបស់មិត្តភក្តិ» ហើយបានជួបលោក «ប្រាំឬប្រាំមួយដង» នៅក្នុងព្រឹត្តិការណ៍នានា ប៉ុន្តែបានបដិសេធថា មិនមានទំនាក់ទំនងផ្ទាល់ខ្លួនណាមួយឡើយ។

នៅពេលសួរថា តើការរីករាលដាលភ្លាមៗ នៃរូបថតទាំងនេះ ជាហេតុផលនយោបាយឬអត់ — រួមទាំងការអះអាងថា វាកើតឡើងបន្ទាប់ពីការបដិសេធ របស់គាត់មិនផ្តល់សញ្ជាតិថៃ ដល់លោក Smith លោក អានុទីន បានសើចហើយនិយាយថា “ពួកគេនិយាយថានោះជាហេតុផល”។
ប្រែសម្រួល: ណៃ តុលា

To Top