យោធាឥណ្ឌូនេស៊ី បង្កើនកិច្ចខិតខំប្រឹងប្រែង ជួយ សង្គ្រោះនៅកោះស៊ូម៉ាត្រា ដែលរងគ្រោះដោយទឹកជំនន់ ខណៈចំនួនអ្នកស្លាប់ កើនលើសពី ៨៦០នាក់
បរទេស ៖ យោធាឥណ្ឌូណេស៊ី បានបង្កើនកិច្ចខិតខំប្រឹងប្រែង សង្គ្រោះរបស់ខ្លួននៅក្នុងខេត្តចំនួនបី នៅលើកោះស៊ូម៉ាត្រា ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយទឹកជំនន់ និងការរអិលបាក់ដីដ៏ធ្ងន់ធ្ងរ ហើយអនុប្រធានាធិបតី Gibran Rakabuming Raka បានសុំទោសចំពោះការខ្វះខាត ក្នុងការឆ្លើយតបទៅនឹង គ្រោះមហន្តរាយកាលពីសប្តាហ៍មុន។
យោងទៅតាមសារព័ត៌មាន Jakarta Post ចេញផ្សាយ កាលពីយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា ឧត្តមសេនីយ៍ Freddy Ardianzah បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា យោធាបានសាងសង់ស្ពានចល័ត យ៉ាងហោចណាស់ចំនួន ១០ ដែលមានឈ្មោះថា “Bailey Bridges” នៅក្នុងខេត្ត Aceh កោះស៊ូម៉ាត្រាខាងជើង និងកោះស៊ូម៉ាត្រាខាងលិច ដើម្បីជួយដល់ការចែកចាយស្បៀងអាហារ និងការផ្គត់ផ្គង់ជំនួយដល់ប្រជាជនដែលឯកោ។
លោកបាននិយាយថា “ការសាងសង់ស្ពានទាំងនេះ មានសារៈសំខាន់ណាស់ ក្នុងការចែកចាយភស្តុភារ។ ផ្លូវមួយចំនួននៅតែត្រូវបានបិទ ដូច្នេះជំនួយមិនទាន់ ទៅដល់អ្នកដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនៅឡើយ”។
លោក Freddy បាននិយាយថា យោធាក៏កំពុងដាក់ពង្រាយប្រព័ន្ធ osmosis ដែលធ្វើឱ្យទឹកកខ្វក់មានសុវត្ថិភាពក្នុងការផឹក ហើយនឹងបន្តផ្តល់អាហារ និងថ្នាំពេទ្យដល់ប្រជាពលរដ្ឋ ដែលនៅតែកាត់ផ្តាច់ផ្លូវចូល។
ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញថាចំនួនអ្នកស្លាប់ ដោយសារព្យុះស៊ីក្លូនកាលពីសប្តាហ៍មុន និងទឹកជំនន់ធ្ងន់ធ្ងរ ជាបន្តបន្ទាប់ និងការរអិលបាក់ដី បានកើនឡើងដល់ ៨៦៧ នាក់ នៅរសៀលថ្ងៃសុក្រជាមួយនឹង ៥២១ នាក់ ដែលត្រូវបានចុះបញ្ជីថា បាត់ខ្លួន ។ ប្រព័ន្ធព្យុះក៏បានសម្លាប់ មនុស្សប្រហែល ២០០ នាក់នៅភាគខាងត្បូងប្រទេសថៃ និងម៉ាឡេស៊ីផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា
