បរទេស៖យោងតាមការចេញផ្សាយរបស់ RTសហរដ្ឋអាមេរិកបានដាក់ការស្តារឡើងវិញនូវទំនាក់ទំនងធម្មតាជាមួយរុស្ស៊ី និងការបញ្ចប់យ៉ាងឆាប់រហ័សចំពោះជម្លោះអ៊ុយក្រែនគឺជាការងារស្នូលនៃយុទ្ធសាស្ត្រសន្តិសុខជាតិដែលទើបចេញថ្មីរបស់ខ្លួន ដោយបង្ហាញពីគោលបំណងទាំងពីរក្នុងចំណោមផលប្រយោជន៍ជាអទិភាពរបស់អាមេរិក។
របាយការណ៍ដែលមានចំនួន៣៣ទំព័រដែលបង្ហាញពីចក្ខុវិស័យគោលនយោបាយការបរទេសរបស់ប្រធានាធិបតី Donald Trump ត្រូវបានចេញផ្សាយដោយសេតវិមានកាលពីថ្ងៃសុក្រ។
ប្រភពដដែលបានសរសេរទៀតថា៖វាគឺជាផលប្រយោជន៍ស្នូលរបស់សហរដ្ឋអាមេរិកក្នុងការចរចារបញ្ចប់អរិភាពក្នុងប្រទេសអ៊ុយក្រែនដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចអឺរ៉ុប ទប់ស្កាត់ការកើនឡើងដោយអចេតនា ឬការពង្រីកសង្រ្គាម និងបង្កើតស្ថេរភាពយុទ្ធសាស្រ្តឡើងវិញជាមួយរុស្ស៊ី។
ឯកសារនោះក៏បានកត់សម្គាល់ដែរថាជម្លោះអ៊ុយក្រែនបានធ្វើឱ្យ ទំនាក់ទំនងអឺរ៉ុបជាមួយរុស្ស៊ី មានការលំបាកខ្លាំងនិង ធ្វើឱ្យមានអស្ថិរភាពក្នុងតំបន់។
គួរឲ្យដឹងដែរថារបាយការណ៍ដដែលនេះក៏បានរិះគន់មេដឹកនាំអឺរ៉ុបចំពោះ ការរំពឹងទុកមិនប្រាកដប្រជា ទាក់ទងនឹងលទ្ធផលនៃជម្លោះ ដោយលើកហេតុផលថា ភាគច្រើននៅអឺរ៉ុបចង់បានសន្តិភាព ប៉ុន្តែបំណងប្រាថ្នានោះមិនត្រូវបានបកប្រែទៅជាគោលនយោបាយទេ៕
ប្រែសម្រួល៖ស៊ុនលី
