រដ្ឋាភិបាលអ៊ីស្រាអែល អនុម័តថវិការដ្ឋឆ្នាំ២០២៦ ចំនួន២០៥ ពាន់លានដុល្លារ
យេរូសាឡឹម៖ រដ្ឋាភិបាលអ៊ីស្រាអែល បានអនុម័តថវិការដ្ឋសម្រាប់ឆ្នាំ២០២៦ ដែលមានចំនួនសរុប ៦៦២ ពាន់លានសេកែល (ប្រហែល ២០៥ ពាន់លានដុល្លារអាមេរិក) នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួងហិរញ្ញវត្ថុ។
ថវិកានេះ ដែលនៅតែត្រូវការការយល់ព្រមពីសភានៅខែមីនា ឆ្នាំ ២០២៦ តំណាងឱ្យការកើនឡើងបន្តិចបន្តួចបើប្រៀបធៀបទៅនឹងឆ្នាំបច្ចុប្បន្ន នៅពេលដែលថវិកាត្រូវបានកំណត់ដំបូងនៅ ៦១៩ ពាន់លានសេកែល ហើយក្រោយមកត្រូវបានកែសម្រួលនៅខែសីហាដល់ ៦៥០ ពាន់លានសេកែល ដោយសារតែការចំណាយនៃជម្លោះដ៏អូសបន្លាយ។
កម្រិតឱនភាពសម្រាប់ឆ្នាំ ២០២៦ ត្រូវបានកំណត់នៅ ៣,៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប ដែលទាបជាង ៥,២ ភាគរយដែលកំណត់សម្រាប់ឆ្នាំបច្ចុប្បន្ន។
យោងតាមក្រសួងហិរញ្ញវត្ថុ ថវិកាថ្មីនេះត្រូវបានរចនាឡើង ដើម្បីដាក់សេដ្ឋកិច្ចអ៊ីស្រាអែលឱ្យវិលមករកផ្លូវនៃកំណើន និងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុវិញ បន្ទាប់ពីការចំណាយក្នុងសម័យសង្គ្រាមបានពង្រីកអស់រយៈពេល ២ឆ្នាំ។
ដូចដែលបានព្រមព្រៀងគ្នាកាលពីមុនរវាងក្រសួងការពារជាតិ និងក្រសួងហិរញ្ញវត្ថុ ថវិកាការពារជាតិនឹងមានចំនួន ១១២ពាន់លានសេកែល។ នេះទាបជាងថវិកាសម័យសង្គ្រាម ប៉ុន្តែនៅតែខ្ពស់ជាងថវិកាមុនសង្គ្រាមចំនួន ៤៧ពាន់លានសេកែលនៅឆ្នាំ២០២៣៕
ប្រែសម្រួល ឈូក បូរ៉ា
