ព័ត៌មានអន្តរជាតិ

ទុនបម្រុងមាសរបស់រុស្ស៊ី កើនឡើងដល់កម្រិតខ្ពស់បំផុតជាប្រវត្តិសាស្ត្រជាង ៣១០ ពាន់លានដុល្លារអាមេរិក

មូស្គូ៖ យោងតាមរបាយការណ៍មួយដែលចេញផ្សាយដោយធនាគារកណ្តាលរុស្ស៊ី ទុនបម្រុងមាសរបស់រុស្ស៊ី បានកើនឡើងលើសពី ៣១០ ពាន់លានដុល្លារអាមេរិកជាលើកដំបូងនៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៥។

របាយការណ៍នេះបានឲ្យដឹងថា ដោយកត់សម្គាល់ការកើនឡើងប្រចាំខែលើកទី៤ ជាប់ៗគ្នា តម្លៃនៃការកាន់កាប់មាសរបស់រុស្ស៊ីបានឈានដល់កំណត់ត្រា ៣១០,៧២ ពាន់លានដុល្លារ កើនឡើង ៣,៦ ភាគរយពីខែមុន។

មាសមានចំនួន ៤២,៣ ភាគរយនៃទ្រព្យសកម្មរបស់រុស្ស៊ីនៅក្នុងខែធ្នូ ដែលជាចំណែកខ្ពស់បំផុតចាប់តាំងពីថ្ងៃទី ១ ខែមីនា ឆ្នាំ ១៩៩៥ នៅពេលដែលចំណែកនេះមាន ៤៣,៩ ភាគរយ។

របាយការណ៍នេះបានឲ្យដឹងទៀតថា ទុនបម្រុងអន្តរជាតិរបស់រុស្ស៊ីបានកើនឡើងដល់ ៧៣៤,៥៩ ពាន់លានដុល្លារគិតត្រឹមថ្ងៃទី ១ ខែធ្នូ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top