ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល កាត់បន្ថយថវិកាការពារជាតិសម្រាប់ឆ្នាំ២០២៦ ចំពេលមានបទឈប់បាញ់

យេរូសាឡឹម៖ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងការពារជាតិ ថវិកាការពារជាតិរបស់អ៊ីស្រាអែលសម្រាប់ឆ្នាំ ២០២៦ ត្រូវបានកំណត់នៅត្រឹម ១១២ ពាន់លានសេកែល (ប្រហែល ៣៤,៧ ពាន់លានដុល្លារអាមេរិក)។

តួលេខនេះ ដែលត្រូវបានឯកភាពដោយក្រសួងទាំងពីរ តំណាងឱ្យការថយចុះពី ១១៧,៥ ពាន់លានសេកែល ដែលត្រូវបានបែងចែកក្នុងឆ្នាំ ២០២៤ និង ១៣៥,៧ ពាន់លានសេកែល នៅឆ្នាំនេះ ក្នុងអំឡុងពេលដែលអ៊ីស្រាអែល បានចូលរួមក្នុងការប្រយុទ្ធគ្នានៅលើសមរភូមិជាច្រើន។

ក្រសួងនានាបានឲ្យដឹងថា ការកាត់បន្ថយនេះគឺដោយសារតែការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃការជ្រើសរើសទាហានបម្រុងនៅឆ្នាំក្រោយ បន្ទាប់ពីបទឈប់បាញ់នៅហ្គាហ្សា ដែលចូលជាធរមាននៅថ្ងៃទី១០ ខែតុលា។

ទោះបីជាមានការថយចុះបើប្រៀបធៀបទៅនឹងថវិកាសម័យសង្គ្រាមក៏ដោយ តួលេខឆ្នាំ២០២៦ នៅតែខ្ពស់ជាងថវិកាការពារជាតិឆ្នាំ២០២៣ ចំនួន ៤៧ ពាន់លានសេកែល ដែលគ្របដណ្តប់ភាគច្រើននៃរយៈពេលមុនពេលសង្គ្រាមហ្គាហ្សាផ្ទុះឡើងនៅក្នុងខែតុលាឆ្នាំនោះ។

ថវិកាការពារជាតិថ្មី ដែលស្ថិតនៅក្រោមការអនុម័តពីសភាជាផ្នែកមួយនៃថវិការដ្ឋឆ្នាំ២០២៦ ត្រូវបានព្រមព្រៀងគ្នាបន្ទាប់ពីការពិភាក្សាយ៉ាងទូលំទូលាយរវាងក្រសួងទាំងពីរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top