ក្រុមហាម៉ាស នឹងបោះបង់អាវុធ ប្រសិនបើការកាន់កាប់ ដោយអ៊ីស្រាអែល នឹងពិតជាត្រូវបាន បញ្ចប់ពិតប្រាកដមែន
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សាស្ទ្រីប លោក Khalil al-Hayya បាននិយាយ កាលពីថ្ងៃសៅរ៍ថា ក្រុមរបស់លោកនឹងបោះបង់ចោល អាវុធរបស់ខ្លួនប្រសិនបើការកាន់កាប់ របស់អ៊ីស្រាអែល ពិតជាត្រូវបានបញ្ចប់ពិតប្រាកដមែន ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ Al Jazeera ថា៖អាវុធរបស់យើង ត្រូវបានផ្សារភ្ជាប់ទៅនឹងវត្តមាន នៃការកាន់កាប់ និងការឈ្លានពាន ហើយប្រសិនបើការកាន់កាប់ត្រូវបានបញ្ចប់ អាវុធនេះនឹងត្រូវប្រគល់ឱ្យរដ្ឋទាំងអស់។
លោកបានបន្ថែមថា ៖អាវុធនៅតែស្ថិតក្រោមការពិភាក្សាជាមួយក្រុមដដែលហើយអ្នកសម្រុះសម្រួល សម្រាប់កិច្ចព្រមព្រៀងនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។
ក្នុងអំឡុងពេលសម្ភាសន៍ លោក al-Hayya ក៏បានលើកឡើងផងដែរថា ៖ តំបន់ថ្មីនឹងត្រូវបានបញ្ចូលនៅថ្ងៃអាទិត្យ ដើម្បីស្វែងរកសាកសព ខ្លះនៃជនជាតិ អ៊ីស្រាអែលផ្សេងទៀត។
រំលឹកដែរថាកន្លងមកក្រុមហាម៉ាស់បានបដិសេធមិនព្រមរំសាយអាវុធ ដោយចាត់ទុកវាជាបន្ទាត់ក្រហម ខណៈដែលអ៊ីស្រាអែលទទូចលើការរំសាយ អាវុធរបស់ក្រុមហាម៉ាស និងក្រុមប៉ាឡេស្ទីនផ្សេងទៀត នៅក្នុងតំបន់ហ្គាហ្សាជាលក្ខខណ្ឌសំខាន់ ក្នុងដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល៖ស៊ុនលី
