រុស្សីបើកការវាយប្រហារ ចំទីតាំងអគារយោធា និងថាមពលរបស់ប្រទេស អ៊ុយក្រែន ជាច្រើនកន្លែង
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងការពារជាតិ នៃប្រទេសរុស្សីបាននិយាយថា កងកម្លាំងរុស្ស៊ី បានធ្វើការវាយប្រហារ ទ្រង់ទ្រាយធំទៅ លើហេដ្ឋារចនាសម្ព័ន្ធយោធា និងថាមពលរបស់អ៊ុយក្រែនពេញមួយយប់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ក្រសួង បានបញ្ជាក់អំពីរបាយការណ៍ មុននៃការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ របស់អ៊ុយក្រែនដោយនិយាយថា វាជាការឆ្លើយតបទៅ នឹងការវាយប្រហារ របស់ភេរវករ អ៊ុយក្រែន លើទីតាំងជនស៊ីវិល នៅក្នុងប្រទេសរុស្ស៊ី និងពាក់ព័ន្ធនឹងអាវុធ បាញ់បង្ហោះតាមអាកាស និង ដីដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងមីស៊ីលល្បឿនលឿន Kinzhal និងយន្តហោះគ្មានមនុស្ស បើកផងដែរ។
រុស្សីបាននិយាយថា គោលដៅរួមមាន រោងចក្រឧស្សាហកម្មការពារជាតិ គ្រឿងបរិក្ខារថាមពលដែលគាំទ្រ ប្រតិបត្តិការរបស់អ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ដែលប្រើប្រាស់ដោយកង កម្លាំងអ៊ុយក្រែន ដោយបន្ថែមថា គោលដៅទាំងអស់គឺ បានទទួលជោគជ័យ។
ជាការឆ្លើយតបនេះដែរលោកប្រធានាធិបតី អ៊ុយក្រែន Vladimir Zelensky បាននិយាយថា ការវាយប្រហារបានប៉ះពាល់ ដល់តំបន់ Dnepropetrovsk, Chernigov, Odessa, Lviv, Volyn និង Nikolaev ក៏ដូចជាផ្នែកខ្លះនៃតំបន់ Zaporozhye របស់រុស្ស៊ី ដែលកាន់កាប់ ដោយកងកម្លាំងអ៊ុយក្រែន។ លោកបាននិយាយថា ៖ គោលដៅសំខាន់នៃការវាយប្រហារទាំងនេះគឺជាថាមពលជាថ្មីម្តងទៀត។
គួរឲ្យដឹងដែរថា រុស្ស៊ី បានធ្វើការ វាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធ ពាក់ព័ន្ធនឹងយោធា របស់អ៊ុយក្រែនអស់រយៈពេល ជាច្រើនខែ ដោយនិយាយថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយឆ្មក់ ភេរវករ របស់ទីក្រុងគៀវ នៅក្នុងប្រទេសរុស្ស៊ី ដែលជារឿយៗផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងតំបន់លំនៅដ្ឋាន។ ទីក្រុងមូស្គូអះអាងថា ខ្លួនមិនដែលកំណត់គោលដៅជនស៊ីវិលឡើយ៕
ប្រែសម្រួល៖ស៊ុនលី
