ព័ត៌មានអន្តរជាតិ

រុស្សីចេញមុខអំពាវនាវ ឲ្យអាមេរិក គួរបញ្ជៀសជម្លោះ ជាមួយនឹង វេណេស៊ុយអេឡា

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Ryabkov បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីឈរ ជាមួយនឹងភាពជាអ្នកដឹកនាំ របស់វេណេស៊ុយអេឡា ហើយអំពាវនាវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ជៀសវាងការឈានជើងចូល ទៅក្នុងជម្លោះពេញលេញជាមួយទីក្រុង Caracas ។

រដ្ឋាភិបាលទីក្រុងមូស្គូ បានបន្តមើលការវិវឌ្ឍន៍ថ្មីៗ នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយភាពតានតឹង នៅតែមានកម្រិតខ្ពស់ ដែលកំពុងកើនឡើង។

លោកRyabkov ត្រូវបានដកស្រង់ សម្តីដោយទីភ្នាក់ងារ សារព័ត៌មាន TASS ថា ៖នេះត្រូវបានភ្ជាប់ជាចម្បង ទៅនឹងបំណងប្រាថ្នា របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការអះអាង នូវភាពលេចធ្លោដែលមិនមានការសង្ស័យនៅក្នុងតំបន់ ដែលវាគឺជាស្លាកសញ្ញាដែលយើង អាចកត់សំគាល់បានរបស់រដ្ឋបាលលោក Trump។

លោក Ryabkov បានសង្កត់ធ្ងន់ទៀតថា រុស្ស៊ីរក្សាបាននូវសាមគ្គីភាព រឹងមាំជាមួយវេណេស៊ុយអេឡា ដោយសំដៅលើកិច្ចព្រមព្រៀង ដែលទើបនឹងបញ្ចប់នាពេលថ្មីៗនេះស្តីពីភាពជា ដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។ លោក Ryabkov បាននិយាយថា ៖ យើងនឹងបន្តគាំទ្រ ប្រទេសវេណេស៊ុយអេឡា ដូចដែលរដ្ឋាភិបាល នេះធ្លាប់បានគាំទ្រយើងដែរ។

រំលឹកដែរថាអាមេរិក​បាន​បង្កើន ​វត្តមាន​យោធា​របស់ខ្លួន ​នៅ​សមុទ្រ​ការីប៊ីន ។ មន្ទីរបញ្ចកោណបានធ្វើការ វាយប្រហារ ដែលគេស្គាល់ យ៉ាងហោចណាស់ចំនួន២២លើក លើនាវាគ្រឿងញៀន ដែលត្រូវបានចោទ ប្រកាន់នៅសមុទ្រការ៉ាប៊ីន និងភាគខាងកើតមហាសមុទ្រ ប៉ាស៊ីហ្វិកចាប់តាំងពីថ្ងៃទី ២ ខែកញ្ញា ដោយបានសម្លាប់មនុស្សជាង៨៧នាក់ រួចមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top