ចិន ជំរុញជប៉ុនឱ្យបញ្ឈប់ជាបន្ទាន់នូវចលនាគ្រោះថ្នាក់ នៃការយាយីសមយុទ្ធយោធាធម្មតា និងការហ្វឹកហ្វឺនរបស់ចិន
ប៉េកាំង៖ ប្រទេសចិន ជំរុញយ៉ាងខ្លាំងដល់ភាគីជប៉ុនឱ្យបញ្ឈប់ជាបន្ទាន់នូវចលនាគ្រោះថ្នាក់របស់ខ្លួនក្នុងការយាយីសមយុទ្ធយោធាធម្មតា និងការហ្វឹកហ្វឺនរបស់ប្រទេសចិន និងបញ្ឈប់រាល់ការផ្សព្វផ្សាយព័ត៌មានមិនពិត និងការរៀបចំនយោបាយដែលគ្មានការទទួលខុសត្រូវ។
អ្នកនាំពាក្យរូបនេះបានធ្វើអត្ថាធិប្បាយនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធលើការកត់សម្គាល់របស់រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi នៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយនៅព្រឹកព្រលឹមថ្ងៃទី ៧ ខែធ្នូ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា យោធាចិនបានបញ្ជាក់ពីជំហរដ៏ធ្ងន់ធ្ងររបស់ខ្លួនលើបញ្ហានេះ។ ការពិតគឺច្បាស់ណាស់។ វាគឺជាការឈ្លបយកការណ៍ និងការរំខានជាញឹកញាប់ ដែលធ្វើឡើងដោយយន្តហោះចម្បាំងរបស់ជប៉ុន លើសកម្មភាពយោធាធម្មតារបស់ប្រទេសចិន ដែលបានបង្កឱ្យមានហានិភ័យសន្តិសុខដែនសមុទ្រ និងផ្លូវអាកាសដ៏ធំបំផុត។ ប្រទេសចិនមិនទទួលយកអ្វីដែលហៅថាការតវ៉ាពីភាគីជប៉ុននោះទេ ហើយបានបដិសេធ និងបានដាក់ការតវ៉ាតបវិញនៅទីក្រុងប៉េកាំង និងនៅទីក្រុងតូក្យូ។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្រោមកាលៈទេសៈបច្ចុប្បន្ន ភាគីជប៉ុន តាមរយៈការផ្សព្វផ្សាយអំពីបញ្ហាដែលហៅថា “ការបំភ្លឺរ៉ាដា” កំពុងធ្វើការចោទប្រកាន់មិនពិតប្រឆាំងនឹងប្រទេសចិនដោយចេតនា ដើម្បីបង្កើតភាពតានតឹង និងបំភាន់សហគមន៍អន្តរជាតិ។ វាជាចេតនាអាក្រក់សុទ្ធសាធ ដែលប្រទេសចិនប្រឆាំងយ៉ាងដាច់អហង្ការ៕
ប្រែសម្រួល ឈូក បូរ៉ា
