ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានឲ្យដឹងថា ការលើកលែងទោសដែលផ្តល់ឱ្យអតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez បង្ហាញថា សង្គ្រាមប្រឆាំងគ្រឿងញៀនដែលប្រកាសដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក គឺជារឿងគួរឲ្យអស់សំណើច។
លោក Hernandez ដែលត្រូវបានកាត់ទោសនៅសហរដ្ឋអាមេរិកឱ្យជាប់ពន្ធនាគារ ៤៥ ឆ្នាំពីបទជួញដូរគ្រឿងញៀន និងបទចោទប្រកាន់ផ្សេងៗទៀត ត្រូវបានដោះលែងនៅថ្ងៃចន្ទ បន្ទាប់ពីទទួលបានការលើកលែងទោស ជាផ្លូវការពីរដ្ឋបាលលោក ត្រាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
យោងតាមលោក Rodriguez អ្វីដែលហៅថាសង្គ្រាមប្រឆាំងគ្រឿងញៀន គឺជាលេសមួយដើម្បីបង្ហាញអំពី “ការដាក់ពង្រាយកងទ័ពជើងទឹកដ៏អស្ចារ្យដែលចំណាយច្រើនរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងសមុទ្រការីប៊ីន និងការគំរាមកំហែងនៃការឈ្លានពានខាងយោធាដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់របស់ប្រទេសវេណេស៊ុយអេឡា”។
នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញសង្គម X លោកបានឲ្យដឹងថា ការលើកលែងទោសនេះបង្ហាញពី “ការឃុបឃិតគ្នារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងភ្នាក់ងាររបស់ខ្លួនជាមួយនឹងទីផ្សារគ្រឿងញៀនដ៏ធំ ដែលឆក់យកជីវិតមនុស្សរាប់រយរាប់ពាន់នាក់នៅក្នុងប្រទេសរបស់ខ្លួន”។
ការថ្កោលទោសនេះកើតឡើង នៅពេលដែលសហរដ្ឋអាមេរិកបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងសមុទ្រការីប៊ីន។ គិតត្រឹមថ្ងៃព្រហស្បតិ៍ មន្ទីរបញ្ចកោណបានធ្វើការ វាយប្រហារយ៉ាងហោចណាស់ចំនួន ២២ លើកលើនាវាដឹកគ្រឿងញៀននៅក្នុងតំបន់ការីប៊ីន និងមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងកើតចាប់តាំងពីថ្ងៃទី ២ ខែកញ្ញា ដោយបានសម្លាប់មនុស្សជាង ៨៧ នាក់៕
ប្រែសម្រួល ឈូក បូរ៉ា
