ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ អះអាងថា នឹងបោះបង់ចោលអាវុធ ប្រសិនបើការកាន់កាប់ ត្រូវបានបញ្ចប់

ហ្គាហ្សា៖ មេដឹកនាំក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា លោក Khalil al-Hayya បានឲ្យដឹងថា ក្រុមនេះនឹងបោះបង់ចោលអាវុធរបស់ខ្លួន “ប្រសិនបើការកាន់កាប់ របស់អ៊ីស្រាអែល ត្រូវបានបញ្ចប់” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានថ្លែងក្នុងអំឡុងពេលសម្ភាសន៍ជាមួយ Al Jazeera ថា “អាវុធរបស់យើងត្រូវបានផ្សារភ្ជាប់ទៅនឹងវត្តមាននៃការកាន់កាប់ និងការឈ្លានពាន ហើយប្រសិនបើការកាន់កាប់ ត្រូវបានបញ្ចប់ អាវុធនេះនឹងត្រូវប្រគល់ទៅឱ្យរដ្ឋវិញ”។ លោកបានបន្ថែមថា “អាវុធនៅតែស្ថិតក្រោមការពិភាក្សាជាមួយក្រុម និងអ្នកសម្របសម្រួល ហើយកិច្ចព្រមព្រៀងនេះ នៅតែស្ថិតក្នុងដំណាក់កាលដំបូង”។

ក្នុងអំឡុងពេលសម្ភាសន៍ លោក al-Hayya ក៏បានលើកឡើងផងដែរថា “តំបន់ថ្មីត្រូវបញ្ចូលនៅថ្ងៃអាទិត្យ ដើម្បីស្វែងរកសាកសពមួយចំនួនរបស់អ្នកទោស ដែលអ៊ីស្រាអែលកាន់កាប់ “។ ទាក់ទងនឹងស្ថានភាពមនុស្សធម៌នៅហ្គាហ្សាក្នុងអំឡុងពេលបទឈប់បាញ់ ដែលចូលជាធរមាននៅថ្ងៃទី ១០ ខែតុលា លោក al-Hayya បានលើកឡើងថា អ៊ីស្រាអែល “រារាំងការចូលនៃសម្ភារៈមួយចំនួនចូលទៅក្នុងហ្គាហ្សា ដូចជាយើងនៅតែស្ថិតក្នុងសង្គ្រាម”។

លោកបានបញ្ជាក់ថា «យើងមិនពេញចិត្តនឹង បរិមាណជំនួយដែលចូលទៅក្នុងតំបន់ហ្គាហ្សាទេ ហើយសូមអំពាវនាវ ដល់អ្នកសម្របសម្រួល ឲ្យធ្វើអន្តរាគមន៍»។ ក្រុមហាម៉ាស់ ពីមុនបានបដិសេធ មិនព្រមរំសាយអាវុធ ដោយចាត់ទុកវាជាខ្សែបន្ទាត់ក្រហម ខណៈដែលអ៊ីស្រាអែលទទូចឲ្យមានការរំសាយអាវុធ របស់ក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនដទៃទៀតនៅតំបន់ហ្គាហ្សា ជាលក្ខខណ្ឌសំខាន់មួយ នៅក្នុងដំណាក់កាលទីពីរ នៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top