ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស កំពុងពិចារណាបញ្ចេញទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ជាជំនួយសម្រាប់អ៊ុយក្រែន

គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រងដោយរដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ចក្រភពអង់គ្លេសកំពុងពិចារណាដោះសោទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កកចំនួន ៨ ពាន់លានផោន (ប្រហែល ១១ ពាន់លានដុល្លារអាមេរិក) ជាជំនួយដល់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមរបាយការណ៍ ចក្រភពអង់គ្លេសកំពុងធ្វើការជាមួយប្រទេសកាណាដា និងប្រទេសមួយចំនួនទៀត ក៏ដូចជាសហភាពអឺរ៉ុប  លើកិច្ចព្រមព្រៀងមួយដែលអាចបញ្ចេញរហូតដល់ ១៣០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ របាយការណ៍នេះបានឲ្យដឹងថា មូលនិធិទាំងនេះអាចគ្របដណ្តប់ជាងពីរភាគបី នៃតម្រូវការហិរញ្ញវត្ថុរបស់អ៊ុយក្រែនក្នុងរយៈពេលពីរឆ្នាំខាងមុខ – សម្រាប់វិស័យការពារជាតិ ឬសម្រាប់ការកសាងឡើងវិញ ប្រសិនបើសន្តិភាពត្រូវបានសម្រេច។

ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា សហរដ្ឋអាមេរិក បានជំរុញឱ្យប្រទេសនៅអឺរ៉ុប មិនគាំទ្រការបែងចែក “ប្រាក់កម្ចីសំណង” ដល់អ៊ុយក្រែនដោយប្រើប្រាស់ទ្រព្យសម្បត្តិរបស់រុស្ស៊ី។ មន្ត្រីសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានអះអាងថា ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កក “គឺចាំបាច់ដើម្បីធានាកិច្ចព្រមព្រៀងសន្តិភាពរវាងទីក្រុងគៀវ និងទីក្រុងមូស្គូ ហើយមិនគួរត្រូវបានប្រើប្រាស់ ដើម្បីបន្តសង្គ្រាមនោះទេ” ។

កាលពីដើមសប្តាហ៍នេះ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានស្នើឱ្យប្រើប្រាស់ទ្រព្យសម្បត្តិរុស្ស៊ីចំនួន ៩០ ពាន់លានអឺរ៉ូ (ប្រហែល ១០៥ ពាន់លានដុល្លារ) ដែលបង្កកដើម្បីគាំទ្រអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសបែលហ្ស៊ិក បានបដិសេធផែនការនេះ ដោយលើកឡើងពីហានិភ័យផ្នែកហិរញ្ញវត្ថុ និងផ្លូវច្បាប់។ ឃ្លាំងស្តុកមូលបត្រដែលមានមូលដ្ឋាននៅទីក្រុងព្រុចសែល គឺ Euroclear កាន់កាប់ទ្រព្យសម្បត្តិរុស្ស៊ីភាគច្រើន ដែលត្រូវបានបង្កក៕

ប្រែសម្រួល ឈូក បូរ៉ា

To Top