បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថាទំនាក់ទំនងល្អរវាងទីក្រុងប៉េកាំង ទីក្រុងមូស្គូ និងទីក្រុងញូវដែលីគឺពិតជាមានភាពសំខាន់និងអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ស្ថិរភាព និងវិបុលភាពពិភពលោក។
ឆ្លើយតបទៅនឹងសំណួរអំពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ស្តីពីទំនាក់ទំនងរវាងប្រទេស BRICS អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Guo Jiakun បាននិយាយថា ប្រទេសទាំងបីគឺជាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន និងសមាជិកសំខាន់ៗនៃ Global South ដែលធ្វើឱ្យការចូលរួមរបស់ពួកគេមានសារៈសំខាន់សម្រាប់ពិភពលោក។
អ្នកនាំពាក្យបាននិយាយទៀតថា ៖ប្រទេសទាំងបីដែលរក្សាទំនាក់ទំនងល្អគឺមិនត្រឹមតែស្របតាមផលប្រយោជន៍របស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអំណោយផលដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ។ ចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយរុស្ស៊ី និងឥណ្ឌា ដើម្បីបន្តជំរុញទំនាក់ទំនងទ្វេភាគី។
ដោយអត្ថាធិប្បាយបន្ថែមទៅលើទំនាក់ទំនងជាមួយឥណ្ឌា ចំពេលមានទំនាក់ទំនងគ្នាបន្ទាប់ពីភាពតានតឹងជិត៥ឆ្នាំ លោក Jiakun បាននិយាយថា ទីក្រុងប៉េកាំង៖ត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយឥណ្ឌា ដើម្បីពិនិត្យមើល និងដោះស្រាយទំនាក់ទំនងទ្វេភាគីពីកម្ពស់ជាយុទ្ធសាស្ត្រ និងទស្សនវិស័យរយៈពេលវែងជាមួយគ្នា។
គួរឲ្យដឹងដែរថាទំនាក់ទំនងរវាងទីក្រុងញូវដេលី និងទីក្រុងប៉េកាំង ដែលត្រូវបានតានតឹងបន្ទាប់ពីការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏ធ្ងន់ធ្ងរក្នុងឆ្នាំ២០២០ បាននិងកំពុងប្រសើរឡើងបន្តិចម្តងៗចាប់តាំងពីឆ្នាំមុន៕
ប្រែសម្រួល៖ ស៊ុនលី
