ព័ត៌មានអន្តរជាតិ

អ្នកនាំពាក្យក្រសួងការបរទេសចិន ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីករណី ដែលជប៉ុនអះអាងថា យន្តហោះ នៃនាវាផ្ទុកយន្តហោះ របស់កងទ័ពជើងទឹកចិន បាន បើករ៉ាដាបញ្ចាំង ទៅលើយន្តហោះចម្បាំង របស់កងស្វ័យការពារជប៉ុន

ថ្ងៃទី ៧ ខែ ធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយសំណួររបស់អ្នកសារព័ត៌មាន អំពីករណីដែលជប៉ុនអះអាងថា យន្តហោះនៃនាវា ផ្ទុកយន្តហោះរបស់កងទ័ពជើងទឹកចិន បានបើករ៉ាដាបញ្ចាំងទៅលើយន្តហោះចម្បាំង របស់កងស្វ័យការពារជប៉ុន ។

អ្នកនាំពាក្យបានថ្លែងថា កងទ័ពចិនបានអធិប្បាយពីគោលជំហរយ៉ាងម៉ឺងម៉ាត់ ចំពោះបញ្ហានេះរួចហើយ ។ ការពិតមានភាពច្បាស់លាស់ណាស់ ពោលគឺយន្តហោះចម្បាំង របស់ជប៉ុនបានហោះចូលទៅជិត ដើម្បីធ្វើការ ស៊ើបអង្កេត និងបង្កការរំខានដល់សកម្មភាពយោធា ជាប្រក្រតីរបស់ភាគីចិនជារឿយៗ ប្រការនេះទើបជាហានិភ័យធំបំផុត ខាងសន្តិសុខនៅដែនសមុទ្រនិងអាកាស ។ ភាគីចិនមិនទទួលយកអ្វី ដែលហៅថា ការតវ៉ារបស់ភាគីជប៉ុននោះទេ ហើយបានបដិសោធនៅនឹងកន្លែង ព្រមទាំងបានលើកឡើង ការប្រឆាំងការតវ៉ាវិញនៅក្រុងប៉េកាំង និងក្រុងតូក្យូដោយឡែកពីគ្នា ។

អ្នកនាំពាក្យបានថ្លែងទៀតថា ក្នុងសភាពការណ៍បច្ចុប្បន្ន ភាគីជប៉ុនឃោសនាបំប៉ោងអ្វី ដែលហៅថា បញ្ហា “បញ្ចាំងរ៉ាដា” គឺនិយាយប្រែសជាខ្មៅ និងទម្លាក់កំហុសឱ្យអ្នកផ្សេង ក្នុងន័យឃោសនាបំប៉ោង ពីស្ថានភាពតានតឹង និងបំភាន់ សហគមន៍អន្តរជាតិក្នុងចេតនាអាក្រក់ ។ ភាគីចិនប្រឆាំងយ៉ាងដាច់ខាត ចំពោះរឿងនេះ ។ ប្រទេសចិន ដាស់តឿនយ៉ាងខ្លាំង ឱ្យជប៉ុនបញ្ឈប់ភ្លាមនូវទង្វើ ដ៏មានគ្រោះថ្នាក់ដែលរំខាន ដល់សកម្មភាពសមយុទ្ធ និងហ្វឹកហាត់ ជាប្រក្រតីរបស់ភាគីចិន ហើយបញ្ឈប់ការឃោសនាបំប៉ោង និងលេងឧបាយកលនយោបាយ ដែលគ្មានភាពទទួលខុសត្រូវ ៕

To Top