ឥស្សរជនគ្រប់មជ្ឈដ្ឋាន របស់ជប៉ុន ៖ លោកស្រី Sanae Takaichi គួរលុបចោលពាក្យសម្តី ដ៏ខុសឆ្គងវិញភ្លាម
ថ្ងៃទី ៧ ខែ ធ្នូ តាមម៉ោងក្នុង តំបន់ សមាគមអន្តរជាតិសម្រាប់សហគមន៍អាស៊ី បានរៀបចំធ្វើកិច្ចប្រជុំផ្លាស់ប្តូរនៅក្រុងតូក្យូ ប្រទេសជប៉ុន តំណាងចំនួន ជាង១រយរូប ដែលមកពីមជ្ឈដ្ឋាននយោបាយ សិក្សាស្រាវជ្រាវនិងសេដ្ឋកិច្ចរបស់ជប៉ុន បានធ្វើការសិក្សានិងពិគ្រោះពិភាក្សា អំពីស្ថានភាពអន្តរជាតិ និងទំនាក់ទំនងរវាងចិន និងជប៉ុន នាពេលបច្ចុប្បន្ន ។ អង្គប្រជុំ សម្គាល់ឃើញថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន គួរលុបចោលពាក្យសម្តីដ៏ខុសឆ្គងពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ភ្លាម ព្រមនិងលុបបំបាត់ឥទិ្ធពលដ៏អាក្រក់ ។
ខណៈពេលថ្លែងសុន្ទរកថា លោក Yukio Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនបានលើកឡើងថា ពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ បានផ្ទុយពីឫសគល់ទៅនឹងច្បាប់អន្តរជាតិ និងស្មារតីនៃ «សេចក្តីថ្លែងការណ៍រួមរវាងចិននិងជប៉ុន» ។ អនុលោមតាម «សេចក្តីថ្លែងការណ៍រួមរវាងចិន និងជប៉ុន» 《សេចក្តីប្រកាសក្រុង Potsdam 》និង «សេចក្តីប្រកាសក្រុងគែរ » ជប៉ុន បានបញ្ជាក់ពីគោលជំហរ ថែមមួយកម្រិតទៀតថា តៃវ៉ាន់ជាទឹកដីរបស់ចិន ដូច្នេះ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិន ។ ដោយឡែក ក្នុង«សេចក្តីថ្លែងការណ៍រួមរវាងចិន និងជប៉ុន»កាលពីឆ្នាំ១៩៧២ ជប៉ុនក៏បានកំណត់ច្បាស់ ពីគោលការណ៍ស្តីពី “មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ចិន”ផងដែរ ។ ក្នុងបរិបទបែបនេះ លោកស្រី Sanae Takaichi បែរជាប្រើពាក្យសម្តីដ៏ខុសឆ្គង ពាក់ព័ន្ធនឹងតៃវ៉ាន់ទៅវិញ ៕
