ទំនើបកម្មឧស្សាហកម្មចិន ជាគំរូថ្មី ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសាកល
ផែនការ ៥ ឆ្នាំ លើកទី ១៥ ជាផែនទីចង្អុលផ្លូវថ្មីមួយទៀត ដែលបន្តពីមុនមកសម្រាប់ប្រជាជននិងរដ្ឋាភិបាលចិន ឆ្ពោះទៅសម្រេចគោលដៅ ក្នុងការកសាងប្រទេសសង្គមនិយមបែបទំនើប ពិសេសលើវិស័យឧស្សាហកម្ម ហើយជាកម្លាំងចលករដ៏សំខាន់ក្នុងការរក្សាស្ថិរភាពកំណើនសេដ្ឋកិច្ច និងជំរុញការអភិវឌ្ឍសកល ក្នុងកំឡុងពេល ដែលពិភពលោកកំពុងប្រឈមនឹងការកើនឡើងភាព មិនច្បាស់លាស់នៃសេដ្ឋកិច្ច និង សណ្តាប់ធ្នាប់។
សមិទ្ធផលនៃការលូតលាស់ ដ៏អស្ចារ្យរបស់ប្រទេសចិន បានកើតចេញពីការអនុវត្តផែនការប្រាំឆ្នាំប្រកបដោយការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ របស់រដ្ឋាភិបាលចិន ព្រមទាំងការចូលរួមយ៉ាងសកម្ម ពីប្រជាជនចិនទាំង ១.៤ ពាន់លាននាក់។ លើសពីនេះទៀត ប្រទេសចិនបានជំរុញកិច្ច សហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់ ជាមួយប្រទេសជាង ១៥០ ប្រទេស និងបានកាត់បន្ថយអត្រាពន្ធគយមធ្យមមកត្រឹមតែ ៧,៣% និងរក្សាបាននូវតំណែងជាប្រទេសនាំចូលធំជាងគេលំដាប់ទី ២ រយៈពេល ១៦ឆ្នាំជាប់គ្នា ។ ជាពិសេសទៀតនោះ ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រទេសចិនបានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តជាតិលើវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា 5G រថភ្លើងល្បឿនលឿន និងថាមពលបៃតង។ល។

បើយើងក្រឡេកមើលលើវិស័យ ឧស្សាហកម្មបច្ចេកវិទ្យាទំនើប ប្រទេសចិនកំពុងក្លាយជាមូលដ្ឋានដ៏សំខាន់និងឈានមុខគេដ៏ធំ ក្នុងការផលិត និងអភិវឌ្ឍបច្ចេកវិទ្យា នៅអាស៊ី ដូចជា Semiconductor design (RISC-V, chip research), AI ecosystem ធំជាងសហរដ្ឋអាមេរិកក្នុងផ្នែកផលិតកម្ម មនុស្សយន្ត និងស្វ័យ ប្រវត្តិកម្ម ការស្រាវជ្រាវលើប្រព័ន្ធ 6G research និងឧស្សាហកម្មអ៊ិនធើណិត យានអេឡិចត្រូនិក និង កម្មន្តសាលថាមពល កកើតឡើងវិញ ដែលទាំងនេះបង្ហាញថា ចិនមានសមត្ថភាពចូលកាន់តែជ្រៅលើទំនើបកម្មនៃវិស័យឧស្សាហកម្ម ឈានហួសពីឧស្សាហកម្ម 4.0 ទៅកាន់ឧស្សាហកម្ម 5.0។ ការផ្លាស់ប្តូរដ៏គួរឱ្យកត់សំគាល់នេះ កើតចេញពីសក្តានុពលសំខាន់ៗនានាដូចជា (១) សក្តានុពលក្នុងឧស្សាហកម្មបៃតង ដែលចិនមានទីផ្សារធំបំផុតលើការផលិតឧបករណ៍ផ្ទុកថាមពល បន្ទះសូឡា ឧស្សាហកម្ម អ៊ីដ្រូហ្សែន និង អាគុយសម្រាប់យានអគ្គិសនី ដែលអាចធ្វើឱ្យចិនអាចក្លាយជាមេដឹកនាំសកលក្នុងសេដ្ឋកិច្ចកម្មន្តសាលបៃតង (២) សក្តានុពលនៃខ្សែសង្វាក់ផ្គត់ផ្គង់ថាមពល ។ ចំណុចខ្លាំងរបស់ចិនគឺ ខែ្សច្រវាក់ផលិតកម្មពេញលេញ រាប់តាំងពីវត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច រចនាសម្ព័ន្ធដឹកជញ្ជូននិងភស្តុភាកម្មល្អ ទាំងផ្លូវទឹក ផ្លូវដែក និង ឌីជីថល និង កម្លាំងពលកម្មពេញលេញ ចូលរួមជាមួយប្រព័ន្ធស្វយប្រវត្តិកម្មនិងមនុស្សយន្ត។ ចំណុចទាំងនេះ បានអនុញ្ញាតឱ្យចិនរឹតតែបន្ថែមភាព ធន់នៃវិស័យឧស្សាហកម្ម នៅក្នុងសេដ្ឋកិច្ចសាកល។
ទោះជាយ៉ាងណា ចិន នៅរងសម្ពាធបរិស្ថាន និង ថាមពល ដោយនៅមានការប្រើប្រាស់ថាមពលធនធានធម្មជាតិខ្ពស់ នៅមានការបញ្ចេញកាបូន នៅវិស័យផលិតកម្ម និង មានតម្រូវឧស្សាហកម្មបៃតងខ្ពស់ នៅពេលចិនកំពុងបង្កើនផលិតផលឧស្សាហកម្មរបស់ខ្លួន ដែលធ្វើឱ្យត្រូវខិតខំអនុវត្តស្តង់ដារបៃតងកាន់តែខ្ពស់ ។ ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះ ចិនត្រូវបង្កើននូវកម្លាំងផលិតភាពថ្មីប្រកបដោយគុណភាព តាមរយៈ (១) ការវិនិយោគ Prime Tech (AI, Quantum, New Materials) បង្កើតនូវមជ្ឈមណ្ឌលប្រមូលផ្តុំនវានុវត្តន៍ លើកទឹកចិត្តពន្ធដារដល់ការសិក្សាស្រាវជ្រាវ និងផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្ម ទៅរកតម្លៃបន្ថែមខ្ពស់ (២) កម្មន្តសាលបញ្ញាសិប្បនិម្មិត្តនិងឌីជីថល ដោយផ្សារភ្ជាប់ AI ជាមួយមនុស្សយន្តទៅនឹង ឧស្សាហកម្ម បង្កើតរោងចក្រវៃឆ្លាតកម្រិតជាតិ និងធ្វើថ្លៃដើមស្វ័យប្រវត្តិកម្មទាប ហើយធ្វើឱ្យចិនឈានចូលឧស្សាហកម្ម ៥.០ មុនគេ (៣) ដំណោះស្រាយ ឧស្សាហកម្មបៃតង ដូចជាប្រព័ន្ធពាណិជ្ជកម្មកាបូន ខ្សែច្រវាក់ឧស្សាហកម្មអ៊ីដ្រូហ្សែន តំបន់ឧស្សាហកម្មពឹងផ្អែកលើថាមពលក៏កើត ឡើងវិញ និង ខ្សែច្រវាក់ផ្គត់ផ្គង់បៃតង និងសេដ្ឋកិច្ចចក្រា (៤) ពង្រឹកទំនាក់ទំនងអន្តរសហការរវាងសាកលវិទ្យាល័យ ជាមួយឧស្សាហកម្ម និង វិស័យឯកជន ដោយផ្សារភ្ជាប់ការវិនិយោគនៃបច្ចេកវិទ្យា និង ការផ្ទេរបច្ចេកវិទ្យាក្នុងរោងចក្រ។
ប្រព័ន្ធអេកូ (ecosystem) ទាំងនេះ បានធ្វើឱ្យចិនក្លាយជាប្រទេសនាំមុខគេ លើទំនើបកម្ម ឧស្សាហកម្ម និងមានតួនាទីជាគំរូសម្រាប់ការអភិវឌ្ឍសាកល។ ទំនើបកម្មឧស្សាហកម្មចិន ក្នុងផែនការប្រាំឆ្នាំលើកទី ១៥ នឹងក្លាយជាកម្លាំងចលករ សម្រាប់ការផ្លាស់ប្តូរប្រព័ន្ធឧស្សាហកម្មសាកល តាមរយៈសក្តានុពលធំ ក្នុងបច្ចេកវិទ្យា–ឌីជីថល–បៃតង ទប់ទល់នឹងបញ្ហាប្រឈមធំរបស់សាកលលោក។
ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា
