ព័ត៌មានអន្តរជាតិ

លោកWangyi ៖ ឋានៈរបស់តៃវ៉ាន់ ត្រូវបានកំណត់ ដោយ”កត្តា៧យ៉ាង”

ខណៈជួបពិភាក្សាជាមួយលោកWaldfol រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ នៅទីក្រុងប៉េកាំងនៅថ្ងៃទី៨ខែធ្នូ លោកWang Yiសមាជិកការិយាល័យ នយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានអធិប្បាយដោយគ្រប់ជ្រុងជ្រោយ អំពីអង្គហេតុប្រវត្តិសាស្ត្រនិងទិដ្ឋភាពផ្លូវច្បាប់ នៃបញ្ហាតៃវ៉ាន់ ។

លោកWang Yiបានសង្កត់ធ្ងន់ថា តៃវ៉ាន់ជាទឹកដីរបស់ចិន តាំងពីសម័យបុរាណមក។ នៅខែធ្នូ ឆ្នាំ១៩៤៣ «សេចក្តីប្រកាសទីក្រុងគែរ» ដែលចេញផ្សាយដោយសហរដ្ឋអាមេរិក ចិននិង អង់គ្លេស បានកំណត់យ៉ាងច្បាស់ថា ជប៉ុនចាំបាច់ត្រូវប្រគល់តៃវ៉ាន់ និងទឹកដីផ្សេងទៀត ដែលខ្លួនបានដណ្តើមកាន់កាប់ ឱ្យប្រទេសចិនវិញ បន្ទាប់ពីសង្គ្រាមលោកលើកទី២។ នៅខែកក្កដាឆ្នាំ១៩៤៥ មាត្រាទី៨ នៃ«សេចក្តីប្រកាស ទីក្រុងផតស្តាម» ដែលបានចុះហត្ថលេខារួមគ្នាដោយសហរដ្ឋអាមេរិក ចិន និងអង់គ្លេស ហើយក្រោយមកមានការចូលរួមពីសហភាពសូវៀតទៀត បានកំណត់ថា លក្ខខណ្ឌនៃ«សេចក្តីប្រកាសទីក្រុងគែរ»ត្រូវតែអនុវត្តឱ្យបានដាច់ខាត។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៤៥ ជប៉ុនចាញ់សង្រ្គាម ហើយព្រះចៅអធិរាជជប៉ុន បានសន្យាថានឹងអនុវត្តយ៉ាងស្មោះត្រង់ តាមបទប្បញ្ញត្តិនានានៃ «សេចក្តីប្រកាសទីក្រុងផតស្តាម» និងចុះចាញ់ដោយ គ្មានលក្ខខណ្ឌ ។ នៅថ្ងៃទី២៥ ខែតុលា រដ្ឋាភិបាលចិន បានប្រកាសស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ឡើងវិញ និងបានធ្វើពិធីទទួលយកការ ចុះចាញ់របស់ខេត្តតៃវ៉ាន់ សម្រាប់សមរភូមិចិននៅទីក្រុងតៃប៉ិ ។ នៅឆ្នាំ ១៩៤៩ រដ្ឋាភិបាលប្រជាជនមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន បានចូលជំនួសរដ្ឋាភិបាល សាធារណរដ្ឋចិន ក្លាយជារដ្ឋាភិបាល ស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ដោយអនុវត្តអធិបតេយ្យភាព លើទឹកដី ទាំងអស់ ក្នុងនោះក៏បូករួមទាំងតៃវ៉ាន់ផងដែរ។ នៅឆ្នាំ១៩៧១ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី២៦បានអនុម័តលើសេចក្តី សម្រេចចិត្តលេខ២៧៥៨ ដោយសម្រេចប្រគល់សិទ្ធិទាំងអស់ នៅក្នុងអង្គការសហប្រជាជាតិ ឱ្យសាធារណរដ្ឋប្រជាមានិតចិនឡើងវិញ ព្រមទាំងបណ្តេញ”តំណាង” របស់អាជ្ញាធរតៃវ៉ាន់ចេញពីអង្គការសហប្រជាជាតិភ្លាមៗ។ ការកំណត់តាមផ្លូវច្បាប់ជាផ្លូវការរបស់អង្គការសហប្រជាជាតិ បញ្ជាក់ថា តៃវ៉ាន់គឺជាខេត្តមួយរបស់ប្រទេសចិន។ល។

លោកWang Yiបានថ្លែងទៀតថា ប្រជាជនចិន និងប្រជាជនដែលស្រឡាញ់ សន្តិភាពទាំងអស់ នៅលើពិភពលោកសុទ្ធតែមានកាតព្វកិច្ច ក្នុងការគាំពារកម្មវត្ថុនិងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សុទ្ធតែមានកាតព្វកិច្ចក្នុងការទប់ស្កាត់មហិច្ឆិតា របស់ជប៉ុនដែលចង់ធ្វើយោធូបនីយកម្មម្តងទៀត សឹងតែចង់ធ្វើឱ្យយោធានិយមរស់ឡើងវិញទៀតផង៕

To Top